ភ្នំពេញក្រោនបង្កើតក្រុម Futsal ថ្មី ដើម្បីចូលរួមពានរង្វាន់ Tiger National Championship

Futsal

PPCFC

ppcfcក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្កើតក្រុមបាល់ទាត់ Futsal ថ្មីមួយឡើងដើម្បីប្រជែងយកពានរង្វាន់ Tiger National Championship 2013 ជាមួយនឹងក្រុមចំនួន ២៦ផ្សេងទៀតមកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cambodia Brewery Limited (ថៃហ្គ័រ)។
កីឡាករ អ៊ុក សុធី អ្នកដឹកនាំក្រុមបាល់ទាត់ Futsal បានរៀបរាប់ឲ្យដឹងថា ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រគល់កិច្ចការនេះទៅឲ្យខ្លួន ជាអ្នកដឹកនាំក្រុមទាំងមូល ដើម្បីចូលរួមដណ្តើមពាន Tiger National Championship 2013 នេះ។ កីឡាកររូបនេះបានបញ្ជាក់ថា ការបង្កើតក្រុម Futsal ថ្មីនេះឡើង គឺជាលើកដំបូងរបស់ក្លឹប ក្នុងការឈានទៅរកការបង្កើតក្រុម Futsal ពិតប្រាកដមួយ។
កីឡាករ អ៊ុក សុធី បានធ្វើការពន្យល់ថា ការចូលរួមប្រកួតប្រជែងយកពាន Tiger National Championship 2013 នេះ គឺបានជ្រើសរើសកីឡាករ ដែលធ្លាប់មានបទពិសោធក្នុងការប្រកួតបែប Futsal នេះចំនួន ១២រូប ចេញពីឈុតធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលមានស្រាប់ដូចជា កីឡាករ យុគ អារី, កែវ សុខសិលា, អ៊ុក សុធី, ជា តារា, ឈុំ ពិសា, មាក់ ភារម្យ, នូ សុខសិលា, គុក បូរីស, ឡេង មករា, ងយ ស្រ៊ីន, ប៊ុន កែវ និងសារាក់។ មូលហេតុដែលជ្រើសរើសកីឡាករចេញពីឈុតធំភ្នំពេញក្រោននេះ គឺដោយសារ ក្លឹបនៅពុំទាន់បានជ្រើសរើសកីឡាករពិតប្រាកដសម្រាប់ក្រុមថ្មី Futsal នេះ នៅឡើយ ដូច្នេះចាំបាច់ក្លឹបត្រូវជ្រើសរើសចេញពីឈុតធំជាមុនសិន មុននឹងបង្កើតក្រុមដែលមានសមាសភាពថ្មីមួយឡើង។
ដោយមានជំនឿជាក់ទៅលើការប្រកួតនេះ កីឡាករ អ៊ុក សុធី បានផ្តោតការសង្ឃឺមជឿជាក់ថា នឹងអាចយកពាន Futsal ដែលបង្កើតឡើងជាលើកដំបូងនេះបាន។ ចាប់តាំងពីថ្ងៃបើកឆាករហូតដល់ថ្ងៃបញ្ចប់ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតឈ្នះលើគូប្រកួតជាបន្តបន្ទាប់ ហើយឈានទៅប្រកួតនៅវគ្គផ្តាច់ព័្រត្រ ដើម្បីក្លាយជាម្ចាស់ជើងឯកជាប្រវត្តិសាស្ត្ររបស់ខ្លួន។ តែទោះជាយ៉ាងនេះក្តី ការសង្ឃឹមជឿជាក់នេះ មិនទទួលបានជោគជ័យនោះទេ បន្ទាប់ពីក្រុមក្លឹបបាល់ទាត់ភ្នំពេញក្រោន បានភ្លាត់ស្នៀតចាញ់ក្រុម Ramar FC ក្នុងលទ្ធផល ១-០ ដ៏គួរឲ្យសោកស្តាយនៅវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានត្រឹមចំណាត់ថ្នាក់ជើងឯករងប៉ុណ្ណោះ។
គួររម្លឹកថា ពានរង្វាន់ Tiger National Championship 2013 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅកីឡាដ្ឋាន Beeline Arena ជ្រោយចង្វារ។ ក្នុងនោះចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Ramar FC ទទួលបានមេដាយមាស និងប្រាក់រង្វាន់ចំនួន២.០០០ដុល្លារអាមេរិក។ ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមភ្នំពេញក្រោន ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ១.០០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមខ្មែរ Super Red ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ចំនួន ៥០០ដុល្លារអាមេរិក៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ