បឹងកេតអង្គរ យកបាន ៣ពិន្ទុពី ភ្នំពេញក្រោនទាំងព្រលឹងចុងសក់នៅចុងម៉ោង

ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយតានតឹងបំផុតជាមួយនឹងលទ្ធផល ៣-២ នៅក្នុងជំនួបជើងទី២នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ទាប់ពីការពារតំណែងជើងឯកភ្នំពេញក្រោន បើកការវាយសម្រុកយ៉ាងខ្លាំងនៅចុងម៉ោង ។

_MG_3665

ការប្រកួតដ៏ជក់ចិត្តនេះ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បានធ្វើការនាំមុខ ១គ្រាប់ត្រឹមនាទីទី៥ដែលធ្វើសម្រេចដោយកីឡាករ Jang In Yong ប៉ុន្ដែគួរឲ្យស្ដាយកីឡាករ ចាន់ វឌ្ឍនាកា បានជួយក្រុមបឹងកេតអង្គរ ឲ្យនាំមុខ ៣-១វិញបន្ទាប់ពីគេរកបាន ៣គ្រាប់ម្នាក់ឯង នៅនាទីទី២៩, ៤៥ និងនាទី៥៤ ។ បន្ទាប់មកទើបភ្នំពេញក្រោន ព្យាយាមវាយបកបន្ដរហូតបាន១គ្រាប់ទៀត ដែលធ្វើសម្រេចដោយកីឡាករ កែវ សុផេង នៅនាទីទី៨២ ។

_MG_3710

ស្របពេលលទ្ធផលប្រកៀកប្រកិតគ្នាបែបនេះ គេឃើញសមាជិកក្រុមភ្នំពេញក្រោន កាន់តែវាយសម្រុក ខណៈក្រុមបឹងកេតហាក់ព្យាយាមការពារ ដែលធ្វើឲ្យភ្នំពេញក្រោន មានឱកាសរកគ្រាប់បាល់បន្ថែមជាច្រើនលើក ពិសេសគឺការតែតរបស់កីឡាករ Kim Hyeon Woo និង Bisan George ម្ដងជាពីរដងតែមិនបានសម្រេចឡើយ ។ ដូច្នេះលទ្ធផលបឹងកេតអង្គរ នាំមុខភ្នំពេញក្រោន ៣-២ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។

_MG_3835

យ៉ាងណាមិញជ័យជម្នះលើកនេះ បានធ្វើឲ្យក្រុមបឹងកេតអង្គរ បន្ដរឈរកំពូលតារាង និងមាន ៤១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួត១៦លើកឈ្នះ១៣ ស្មើ២ និងចាញ់១ ហើយតាមពីក្រោយដោយក្រុមក្រសួងការពារជាតិដដែល ដែលមាន ៤០ពិន្ទុ ហើយនៅសល់២ប្រកួតក្នុងដៃស្មើគ្នា ។ ដោយឡែកភ្នំពេញក្រោនវិញ គឺបានធ្លាក់មកឈរលេខ៦ និងមាន ២២ពិន្ទុ បន្ទាប់ពីប្រកួតបាន ១៥លើកឈ្នះ៦ស្មើ៤ និងចាញ់៥ ហើយនៅសល់ ៣ប្រកួតទៀត ៕

_MG_3788

អត្ថបទ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ