ឯកឧត្តម វ៉ាត់ ចំរើន៖ «វគ្គបណ្ដុះបណ្ដាលអ្នកព័ត៌មានកីឡានៅកម្ពុជា នឹងរៀបចំក្រោយអូឡាំពិកបញ្ចប់»

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានកីឡាឱ្យបានខ្លាំង និងមានវិជ្ជាជីវៈត្រឹមត្រូវ នឹងត្រូវរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាពេលខាងមុខដែលជាវគ្គបណ្ដុះបណ្ដាលលើកទី៣ ហើយ ដោយគ្រោងនឹងធ្វើឡើងក្រោយព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលចប់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

dsc_7149

ឯកឧត្តមបានមានប្រសាសន៍ថា៖ «គម្រោងបណ្តុះបណ្តាលអ្នកជំនាញយកព័ត៌មានកីឡានេះត្រូវបានរៀបចំជាស្រេចហើយក្នុងឆ្នាំ២០១៦នេះ ដោយ១ឆ្នាំយើងបើកវគ្គម្តងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះនៃកីឡាមានគោលការណ៍របស់កីឡាបទបញ្ជា និងលក្ខខណ្ឌការប្រកួត ព្រមទាំងការវិវត្តន៍នៃការផ្លាស់ប្តូរបច្ចេកទេសនៃការលេងឲ្យមានតម្លាភាព (Fair play)។ល។ អ្នកយកពត៌មានកីឡាត្រូវមានកម្រិតជំនាញយល់ដឹងខ្ពស់ទាក់ទងទៅនឹងពាក្យពេចន៍បច្ចេកទេសនៃកីឡា និងការអភិវឌ្ឍន៍ឬផ្លាស់ប្តូរមួយចំនួនតាមសម័យកាល។» ឯកឧត្តមបានបន្តថា៖ «នៅឆ្នាំថ្មីនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងមានគម្រោងធ្វើសិក្ខាសាលាបណ្តុះបណ្តាលដល់បណ្តាអ្នកសារព័ត៌មានមួយឆ្នាំចំនួនពីរលើកដើម្បីឲ្យមានការសរសេរកាន់តែល្អ និងចំបច្ចេកទេសពីព្រោះកីឡាតែងតែវិវត្តន៍ឥតឈប់ឈរឈានទៅសម័យកីឡាទំនើបគឺរៀនមិនចេះចប់ឡើយ។ ដូច្នេះ អ្នកយកព័ត៌មានកីឡាមិនត្រឹមតែទៅយកព័ត៌មានតែក្នុងព្រឹត្តិការណ៍កីឡាដែលកំពុងកើតនោះទេគឺត្រូវចេះធ្វើបទយកការណ៍ ឬធ្វើបទសំភាសន៍ជាមួយកីឡាករ កីឡាការិនី ឬគ្រូបង្វឹកពិសេសគឺទោះជាគ្មានព្រឹត្តិការណ៍ប្រកួតក៏មានព័ត៌មានកីឡាដែរហើយអ្នកយកព័ត៌មានគប្បីយល់ឲ្យច្បាស់អំពីក្រមសីលធម៌កីឡានិងច្បាប់ប្រកួតទើបការសរសេរមានភាពសុក្រិតនិងបម្រើផលប្រយោជន៍កីឡា។» ឯកឧត្តមបានលើកឧទាហរណ៍ថា៖ តាមគោលការណ៍ Fair play អ្នកកាសែតមិនអាចសួរ ឬសម្ភាសន៍ជាមួយចៅក្រមអាជ្ញាកណ្តាលមុន ឬក្រោយឬកំពុងប្រកួតបានទេប៉ុន្តែត្រូវសួរទៅស្នងការប្រកួត (ផ្នែកបាល់ទាត់) និងសួរទៅប្រធានវិនិច្ឆ័យ (ផ្នែកប្រដាល់) ចំណែកចៅក្រម ឬអាជ្ញាកណ្តាលដែលឆ្លើយទៅនឹងសំណួរអ្នកកាសែតក៏មានកំហុសដែរពីព្រោះមិនគោរពគោលការណ៍ Fair play នេះ។

1517662_740113246016639_755219054_n

ឯកឧត្តមក៏បានបញ្ជាក់ថា ខណៈដែលធនធានកីឡានៅកម្ពុជាមិនទាន់រឹងមាំនោះអ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ពិសេសរបៀបសួរទៅមន្ត្រី ឬ គ្រូបង្វឹកកីឡាតែម្ដង ។ គួរំលឹកផងដែរថា វគ្គសិក្សានេះ NOCC ធ្លាប់បានបើកច្រើនលើករួចមកហើយ កាលពីខែធ្នូឆ្នាំ២០១២ ដល់ខែកុម្ភៈឆ្នាំ២០១៣ និងឆ្នាំ២០១៤ដែលមានរយៈពេល ៣ខែក្នុងមួយវគ្គ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ