សហព័ន្ធប្រដាល់គ្រោងបើកវគ្គបង្រៀនអាជ្ញាកណ្តាល និង ចៅក្រម

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់កម្ពុជាគ្រោងនឹងបើកវគ្គបំប៉នរយៈពេល ៥ ថ្ងៃដល់អាជ្ញាកណ្ដាល និងចៅក្រមរបស់ខ្លួនលើប្រភេទប្រដាល់គុនបូរាណខ្មែរដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែសីហាខាងមុខនេះ។វគ្គនេះធ្វើឡើងក្រោមថវិការបស់ក្រសួងអប់រំយុវជន និង កីឡា។ លោកវេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្ហើបឲ្យដឹងថាលោកមានបំណងឲ្យមានសិក្ខាកាមចូលរៀនវគ្គចំនួន ៦០ នាក់ឯណោះតែលទ្ធភាពថវិកាប្រហែលជាបានត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ។

សព្វថ្ងៃនេះអាជ្ញាកណ្ដាល និងចៅក្រមដែលបំពេញការងារក្នុងការប្រកួតហាក់ដូចជាមិនមានស្ដង់ដារតែមួយនៅឡើយទេគឺភាគច្រើនគេបំពេញការងារទៅតាមទម្លាប់របស់ខ្លួន។ លោកអនុប្រធានសហព័ន្ធអះអាងថានេះជាវគ្គដ៏សំខានមួយដើម្បីកែទម្លាប់ចាស់ឲ្យទៅកាន់ទម្លាប់មួយដែលជាស្ដង់ដាររបស់ជាតិ ស្ដង់ដារនៃក្បាច់គុនបូរាណខ្មែរដែលត្រូវដាក់ឲ្យមានការប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

តាមការឲ្យដឹងព័ត៌មានបានបញ្ជាក់ថា វគ្គនេះឧទ្ទេសនាមដោយលោក ឆឹង យ៉ាវយ៉េន លោកម៉ិល កាដូ ដែលជាអគ្គលេខាធិការសហព័ន្ធ និង លោករាជ សុផែន ដែលជាប្រធានអនុគណៈកម្មាការវិន័យរបស់សហព័ន្ធ៕

ឆឹង យ៉ាវយ៉េន

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ