អ្នកប្រដាល់ខ្មែរ ប៉ះឡាវនិងថៃ លើសង្វៀន CNC និង CTN ប្រចាំសប្ដាហ៍នេះ

ភ្នំពេញ៖ ការប្រកួតវិលជុំសម្រាប់ខ្សែក្រវាត់គោជល់លើសង្វៀន CNC សម្រាប់យប់ថ្ងៃទី១៣ ខែសីហាចុងសប្ដាហ៍នេះ អ្នកប្រដាល់ កន ចន្ថាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡាវ Chanchai Champasak ។ ចន្ថាជាអ្នកប្រដាល់ដែលមានស្ថិតិប្រកួតជាង១០០ដងឯណោះគឺធ្លាប់ប្រកួតចំនួន១១១ដង ឈ្នះ៨៥ដង ចាញ់ ២៦ដង និង វាយគូប្រកួតឲ្យសន្លប់បាន៣៦ដង ហើយនៅក្នុងព្រឹត្តិការណ៍នេះគេប្រកួតបាន ៣ ប្រកួតហើយដោយ ២ប្រកួតបានទទួលជ័យជំនះ និង ១ប្រកួតទទួលបរាជ័យ។ ចំពោះអ្នកប្រដាល់ឡាវ Chanchai Champasak វិញ គេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦១ដង ចាញ់២៥ដង ស្មើពិន្ទុ ៣ ដង ឯក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នេះវិញ ប្រកួតបាន ៣ប្រកួតដែរ ដោយឈ្នះ ១ ប្រកួតនិង ចាញ់ ២ ប្រកួត។ សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែខ្លាំងដូចគ្នា និងមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថាផ្លែនរណាចាក់ចំកន្លែងបានពិន្ទុច្រើនជាងនោះឡើយ។

CHANCHAI-(Laos)-vs-Korn-Chantha

ក្នុងព្រឹត្តិការណ៍ប្រកួតខ្សែក្រវាត់នេះដែរ អ្នកប្រដាល់មាជ សុខរ៉ារបស់ក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Darki Sor Viravan។ កាលពីប្រកួតមុនសុខរ៉ា វ៉ៃមិនសូវបានល្អជាហេតុធ្វើឲ្យអ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៅ CNC មិនសប្បាយចិត្តហើយអ្នកគាំទ្រគេមួយចំនួនសង្ស័យថាគេវ៉ៃមិនអស់ពីសមត្ថភាព ឬ ប្រថុយលក់មួយប្រកួតលេង ប៉ុន្តែនេះគ្រាន់ជាការសង្ស័យប៉ុណ្ណោះ។ សុខរ៉ាមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២៦ដង ចាញ់៦ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់១៥ដងដែរ។ ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះឈ្នះបាន ២ប្រកួត ចាញ់ ១ប្រកួត។ ចំណែកឯអ្នកប្រដាល់ថៃ Darki Sor Viravan វិញក្នុងព្រឹត្តិការណ៍នេះគេមិនមានសំណាងល្អឡើយព្រោះ ៣ ប្រកួតគេចាញ់ទាំង ៣ ប្រកួត។ Darki មានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦២ដង ចាញ់១៨ដង និង ស្មើពិន្ទុ ៥ ដង។ គេជឿថាសុខរ៉ាអាចនឹងឈ្នះក្នុងការប្រកួតនេះ។

ចំពោះការប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀន CTN នៅថ្ងៃជាមួយគ្នានេះដែរ អ្នកប្រដាល់ទេស ឧត្តម ក្លិបកងពលតូចលេខ៧០ដែលមានប្រវត្តិប្រកួតចំនួន២៧ដង ឈ្នះ១៥ដង ចាញ់១១ដង ស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសម្លប់បាន២ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Reufa Sit Nayuk Thai ដែលមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ ៦០ដង ចាញ់១៩ដង ស្មើពិន្តុ ២ដងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

Tes-Oudom-vs-Reufa-Sit

ព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ដែលមានប្រវត្តិប្រកួតចំនួន៥២ដង ឈ្នះ៤១ដង ចាញ់៨ដងស្មើពិន្ទុ ៣ដង វាយគូប្រកួតឲ្យសន្លប់២៣ដងនោះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ជាមួយអ្នកប្រដាល់ថៃ Phet Mony Mout Ransankham ដែលមាន ប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៧១ដង ចាញ់២៥ដងស្មើពិន្ទុ ២ដង។

Prum-Samnang-and-Phet-Mony-Mout

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ