លោក ប្រាក់ សុវណ្ណារ៉ា ស្វាគមន៍បងប្រុសវិលមកវិថីបាល់ទាត់កម្រិតអាជីពជាថ្មី

ភ្នំពេញ៖ ស្របពេលលោក ប្រាក់ វុទ្ធី បង្ហាញវត្តមានដឹកនាំក្រុមបាល់ទាត់អគ្គិសនីកម្ពុជា (EDC) ត្រៀមចូលរួមប្រកួតលីគលំដាប់ទី២  និងពានរង្វាន់ធំៗទាំងពីរក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកគាំទ្រជាច្រើនសម្ដែងការស្វាគមន៍ ចំពោះរូបលោក ពិសេសគឺលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកក្លឹប បឹងកេតអង្គរ ដែលជាប្អូនប្រុសបង្កើតរបស់លោក ប្រាក់ វុទ្ធី ក៏បានអបអរសាទរនៅដំណើរវិលត្រឡប់មកកាន់វិថីបាល់ទាត់កម្រិតអាជីពជាថ្មីនេះផងដែរ ។

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យគេហទំព័រ Camsports ដឹងថា លោកត្រេចកអរ ដែលបងប្រុសខ្លួនបានមកដឹកនាំក្រុមមួយមានថ្នាក់ដឹកនាំត្រឹមត្រូវ មានផែនការច្បាស់លាស់ និងមានធនធានគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍន៍ក្រុមបាល់ទាត់របស់ខ្លួនឆ្ពោះទៅរកភាពរីកចម្រើន។ លើសពីនេះលោករំពឹងថា ក្រុមបាល់ទាត់ EDC នឹងក្លាយជាក្រុមបាល់ទាត់អាជីពមួយខ្លាំង សម្រាប់ចូលរួមប្រកួតលីគកំពូលកម្ពុជា នាឆ្នាំ២០១៨ ទៀតផង ។

Prak Sovannara and Prak Vuthy

ទន្ទឹមជាមួយគ្នានោះគ្រូបង្វឹកកំពុងដឹកនាំក្លឹប បឹងកេតអង្គរ ដែលបច្ចុប្បន្នកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា រដូវកាលនេះ បានបញ្ជាក់ដែរថា៖ លោកក៏មានការសោកស្ដាយ ដែលលោក ប្រាក់ វុទ្ធី   អវត្តមានមួយរយៈពេលធំនៃការដឹកនាំក្រុមក្នុងលីគកំពូលកម្ពុជា។ យ៉ាងណាមិញលោករំពឹងថា ការវិលត្រឡប់មកដឹកនាំក្រុម EDC នេះបងប្រុសរបស់ខ្លួន នឹងជំរុញក្រុមនេះឆ្ពោះទៅរកភាពរីកចម្រើនបាន ដោយសារកត្ដាសំខាន់ៗខាងលើ ពិសេសគឺមានការជួយពីលោក សោម សារ៉ន អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក ប្រាក់ វុទ្ធី កំពុងប្រមូលផ្ដុំកីឡាករវ័យក្មេងនៃក្រុម EDC ហ្វឹកហាត់ បន្ទាប់ពីធ្វើតេស្ដសមត្ថភាពរួចមក ដើម្បីត្រៀមចូលរួមប្រកួតជម្រុះលីគទី២ ឬ League 2 លើកទី១ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខ។ លើសពីនេះលោកក៏បានត្រៀមដឹកនាំក្រុមចំណូលថ្មីនេះ ឆ្ពោះទៅចូលរួមប្រកួតពានរង្វាន់ Hun Sen Cup នៅឆ្នាំ២០១៧ និងចូលរួមប្រកួតលីគកំពូលកម្ពុជា នៅឆ្នាំ២០១៨ ផងដែរ ៕

Prak Vuthy

Prak Vuthy 2

Prak Vuthy 1

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ