អូឡាំពិក៖​ កីឡាករហែលទឹក​ ពូ​ សុវិច្ចា​ ត្រូវប្រកួតបើកឆាកមុនគេនៅថ្ងៃទី៩​ នេះហើយ!

រីយ៉ូ៖ កីឡាករហែលទឹកជម្រើសជាតិចំណូលថ្មីរបស់កម្ពុជា ពូ សុវិច្ចា នឹងត្រូវបង្ហាញខ្លួននៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនាថ្ងៃទី៩ ខែសីហាខាងមុខនេះហើយ ពោលគឺរូបគេគឺជាអត្តពលិកកម្ពុជាដំបូងគេដែលនឹងត្រូវចូលខ្លួនប្រកួតប្រជែងមុនគេក្នុងចំណោមកីឡាករ កីឡាការិនីទាំង៦រូបដែលនឹងត្រូវប្រកួតនៅពេលក្រោយជាបន្តបន្ទាប់ទៀត។ បើទោះបីជានេះជាការចូលរួមជាលើកទី១ក៏ពិតមែនក៏យុវជនវ័យ ២១ឆ្នាំរូបនេះមានក្តីសង្ឃឹមខ្ពស់នៅក្នុងការបំបែកកំណត់ត្រាហែលទឹករបស់ខ្លួនដែលធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិកន្លងមក ដោយរូបគេធ្លាប់ធ្វើបានក្នុងថិរវេលា ៥៣វិនាទី លើវិញ្ញាសាហែលសេរី ១០០ម៉ែត្រនោះ។ ខណៈដែលការប្រកួតនឹងត្រូវចាប់ផ្តើមនាវេលម៉ោង ១៣.០០ ថ្ងៃស្អែកនេះ កីឡាករដែលបានចាប់កំណើតនៅសហរដ្ឋអាម៉េរិគរូបនេះបានថ្លែងថា៖ « ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រកួតនេះ! ខ្ញុំពិតជាមានមោទកភាពណាស់ចំពោះការក្លាយជាកីឡាករតំណាងឱ្យប្រទេសកម្ពុជា ហើយខ្ញុំនឹងប្រែងប្រែងឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថា ខ្ញុំនឹងធ្វើឱ្យបានល្អបំផុត!» សូមបញ្ជាក់ថា កីឡាករ ពូ សុវិច្ចា ធ្លាប់មានបទពិសោធន៍ច្រើនមកហើយលើការប្រកួតធំៗនៅលើឆាកអន្តរជាតិ ជាពិសេសគឺការប្រកួត World Championships ២លើកកន្លងមកទាំងនៅក្នុងប្រទេសអេស្ប៉ាញ និងរុស្សុី។ ជាមួយគ្នានេះដែរ សុវិច្ចា ក៏ជាកីឡាករហែលទឹកឆ្នើមមួយរូបប្រចាំសាកលវិទ្យាល័យ Brown University នៅសហរដ្ឋអាម៉េរិក ជាទីដែលរូបគេកំពុងបន្តការសិក្សាផងដែរនោះ៕

13631510_830467640418187_1440029549669122696_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ