កីឡាករ ឯម វុត្ថា សន្លប់ទឹក ទី២ ក្រោមទម្ងន់កែងរបស់កីឡាករ Thai Oulek

ភ្នំពេញ: អ្នកប្រដាល់ជើងចាស់កម្ពុជា ឯម វុត្ថា ដែលមកពីក្លិបឬទ្ធិពោធិ៍ជ័យកីឡាត្រូវអ្នកប្រដាល់ថៃឈ្មោះ Thai Oulek វាយមួយកែងចំគុម្ពថ្គាមបណ្ដាលឲ្យសន្លប់នៅក្នុងទឹកទី ២ ក្នុងការប្រកួតនាល្ងាចថ្ងៃទី៦ សីហា លើសង្វៀនអាស៊ីអាគ្នេយ៍។ ការប្រកួតនៅទឹកទី ១ កីឡាករ វុត្ថា បានបង្ហាញពីភាពមានប្រៀបលើគូប្រកួតដោយសារតែគូប្រកួតមិនទាន់បើកការវាយលុកនោះ។ កីឡាករ វុត្ថា ប្រើកែង និង ជង្គង់វាយចេញល្អតែការវាយចេញរបស់គេមិនបានចំគោលដៅ។ មកដល់ទឹក ទី២ កីឡាករ Thai Oulek ចាប់ផ្ដើមបើកការវាយប្រហារហើយគេបញ្ចេញតែមួយកែងសោះចំថ្គាមវុត្ថាបណ្ដាលឲ្យកីឡាករ វុត្ថា ដួលសន្លប់ក្រោកលែងរួច។

photo_2016-08-07_04-07-01 [800x600]

ចំណែកឯកីឡាករ ហ៊ឹម សេរី ក្លិបតាព្រហ្មមានជ័យបានប្រកួតឈ្នះអ្នកប្រដាល់ថៃ កីឡាករ Chreun Thong ដោយពិន្ទុទាំងលំបាកបន្ទាប់ពីប្រកួតគ្នា ៥ទឹក ពេញមកនោះ។ ការប្រើជង្គង់របស់កីឡាករ សេរី មានប្រៀបលើកីឡាករ Chreun Thonh តែអ្នកប្រដាល់ថៃរូបនេះក៏បានវាយបកវិញផងដែរដោយយកជើងធាក់ចំមុខសេរីពេញៗតែម្ដង។ នៅទឹកទី ៣ កីឡាករ សេរី បញ្ចេញមួយដៃយ៉ាងល្អចំកណ្ដាលមុខកីឡាករ Chreun Thong ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះស្រុញជង្គង់ហើយត្រូវអាជ្ញាកណ្ដាលរាប់ ៨។ អ្នកប្រដាល់ថៃរូបនេះបន្តការប្រកួតបានទៀតបន្ទាប់ពីអាជ្ញាកណ្ដាលរាប់ ៨ នោះ។ កីឡាករ សេរី ក្រោយមកក៏បានហក់ចូលទាំងបំពានដោយស្មានថាបន្ទាប់ពីរាប់ ៨ ស្មារតីរបស់គូប្រកួតមិនទាន់វិលមកភាពប្រក្រតីវិញនោះតែត្រូវគូប្រកួតច្រាសមួយកែមកវិញចំកណ្ដាលមុខធ្វើឲ្យកីឡាករ សេរី ដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ ៨ វិញ។ អ្នកប្រដាល់ទាំង ២ រូបនេះបន្តការប្រកួតរហូតចប់ទឹកទី ៥ ហើយ កីឡាករ ហ៊ឹម សេរីបានទទួលជ័យជំនះលើអ្នកប្រដាល់ថៃដោយពិន្ទុ។

photo_2016-08-07_04-05-44 [800x600]

photo_2016-08-07_04-06-06 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ