អ្នកប្រដាល់ កម្ពុជា-ថៃ ចំនួន ៨ រូបត្រូវប៉ះគ្នាលើសង្វៀន CTN និង CNC ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ នៅចុងសប្ដាហ៍នេះនឹងមានការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិចំនួន ៤គូគឺនៅលើសង្វៀន CTN ២គូ និង CNC ចំនួន ២ គូដែរ ។

លើសង្វៀន CTNថ្ងៃទី៦សីហាអ្នកប្រដាល់ម៉ន វីរៈ មកពីក្លិបការិយាល័យទី ៥កងទ័ពជើងគោកត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Loukyorth Sit Sampayak ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ វីរៈដែលមានប្រវត្តិប្រកួតចំនួន១៣១ ដងនោះឈ្នះបាន១១៣ដង ចាញ់ ១៦ដងស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៥៦ដង ប៉ុន្តែមួយរយៈនេះការប្រកួតរបស់គេឧស្សាហ៍ជួបបរាជ័យណាស់ ។ ជាអ្នកប្រដាល់ដែលមានស្នៀតវ៉ៃល្អរហ័ស និងការពារបានមាំនោះ កីឡាករបែរជាឆាប់ស្រុតកម្លាំងទៅវិញ ។ ក្នុងទម្ងន់៥៤គីឡូក្រាមគេលំបាករកគូប្រកួតណាស់តែពេលនេះខ្នាយរបស់គេហាក់ដូចជារិចរិលយ៉ាងម៉េចទេ ។ ចំពោះ Loukyorth Sit Sampayak វិញស្ថិតិប្រកួតរបស់គេក៏គ្រាន់បើដែរគឺធ្លាប់បានប្រកួត ៨៦ដង ដែលក្នុងនោះឈ្នះ ៦៦ដងចាញ់ ១៤ដងស្មើពិន្ទុ ៤ ដង ។ គេមិនដឹងថារបៀបវ៉ៃរបស់អ្នកប្រដាល់ថៃរូបនេះបែបណាទេតែគេមិនអន់ឡើយ ។ ដូច្នេះ តើអ្នកណាដែលមានសមត្ថភាពដណ្ដើមជ័យជម្នះបាន ?

Moan-Vireak-Loukyorth-[800x600]

ជាមួយគ្នានេះដែរ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួត ៧៧ដង ឈ្នះ ៥៦ដង ចាញ់ ១៨ដងស្មើពិន្ទុ ៣ដងនិងវាយគូប្រកួតឲ្យសន្លប់ ១២ដងនោះត្រូវដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Babeer Sit Famai ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ កីឡាករ Babeer Sit Famai មានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ ៥៩ដង ចាញ់ ២០ដងស្មើពិន្ទុ ២ដង ។ជាអ្នកប្រដាល់ដែលមានចលនាវ៉ៃចេញល្អតែមិនដឹងថាទប់ជាមួយទម្ងន់ជើងង៉ែត រដ្ឋាបានឬអត់នោះឡើយ ។

Nget-Ratha-Babeer-[800x600]

ដោយឡែកលើសង្វៀន CNC ថ្ងៃទី៧ ខែសីហាវិញ អ្នកប្រដាល់ ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡាដែលមានប្រវត្តិប្រកួតចំនួន ២០ដងឈ្នះ ១៥ដងចាញ់ ៥ដងវាយគូប្រកួតឲ្យសន្លប់ ៣ដងនោះ នឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Langsuncheav Kietprasanchai ដែលមានប្រវត្តិប្រកួតចំនួន ១២០ដង ឈ្នះ ៨០ដង ចាញ់ ៣០ដងស្មើពិន្ទុ ១០ដង ។

Long-Samnang-Langsuncheav-[800x600]

ចំពោះសុខ សុវណ្ណ ដែលមកពីសមាគមប្រដាល់ក្រសួងការពារជាតិ ហើយមានប្រវត្តិប្រកួតចំនួន ៩៦ដង ឈ្នះ ៧១ដងចាញ់ ១៧ដងស្មើពិន្ទុ ៨ដងនិងវាយគូប្រកួតឲ្យសន្លប់ ២១ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Mamai Sityorthchean ដែលមានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ ៦១ដង ចាញ់ ២៩ដងស្មើពិន្ទុ ៥ ដងវាយគូប្រកួតឲ្យសន្លប់១ដង ៕

Sok-Sovan-Famai-[800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ