ឯកឧត្តម ហង់ ជួនណារ៉ុន៖ «ខ្ញុំសូមអភ័យទោសចំពោះការយឺតយ៉ាវនៃការបើកប្រាក់រង្វាន់»

ភ្នំពេញ៖  កាលពីវេលាម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ចំនួន ៣៣១.០០០.០០០រៀល ជូនដល់ជ័យលាភីនៃការប្រកួតកីឡា ឈិនឡូនជើងឯកអាស៊ីលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា និងថវិកាចំនួន ២៣៣.០០០.០០០រៀល ជូនដល់ជ័យលាភីនៃការប្រកួត Mekong Goodwill Games លើកទី១២ នៅខេត្តឈៀងរ៉ៃ ព្រះរាជាណាចក្រថៃ ។

13920609_873229299447954_2204546342910706833_n

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអភ័យទោសចំពោះការយឺតយ៉ាវ នៃការបើកប្រាក់រង្វាន់ដល់ជ័យលាភីនៃការប្រកួតកីឡាទាំងពីរ ប៉ុន្តែមិនបានសេចក្តីថាក្រសួងមិនបានបំពេញភារកិច្ចរបស់ខ្លួននោះទេ តែការស្នើសុំថវិកាត្រូវការឯកសារគតិយុត្តិនានា និងពេលវេលាច្រើនទម្រាំបានថវិកាមកផ្តល់ជូនលោកគ្រូ អ្នកគ្រូបង្វឹក ប្អូនៗកីឡាករ កីឡាការិនីនៅពេលនេះ ។ ជាចុងក្រោយខ្ញុំសំណូមពរឱ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីទទួលបានមេដាយនៃការប្រកួតផ្សេងៗខាងមុខទៀត»។

13900340_873228896114661_3117511049193258006_n

គួរំលឹកថា ការប្រកួតកីឡាឈិនឡូន ជើងឯកអាស៊ីលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ហើយជាលទ្ធផលក្រុមបុរសទទួលបានមេដាយមាស ០១គ្រឿង  ក្រុមនារីទទួលបានមេដាយសំរិទ្ធ០២គ្រឿង សរុបមេដាយ ៣គ្រឿង ។ 

13912363_873228726114678_111154409815475767_n

ចំណែកក្នុងការប្រកួតកីឡា Mekong Goodwill Games លើកទី១២ នៅខេត្តឈៀងរ៉ៃ ព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វិញជាលទ្ធផល កីឡាបាល់ទាត់ ទទួលបានមេដាយមាស០១គ្រឿង, កីឡាវាយកូនឃ្លីលើតុទទួលបានមេដាយមាស ០២គ្រឿង និងប្រាក់១គ្រឿង, កីឡាប៉េតង់ទទួលបានមេដាយមាស ០២គ្រឿង ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង, កីឡាវាយសី ទទួលបានមេដាយមាស០៤គ្រឿង និងប្រាក់០១គ្រឿង, កីឡាប្រជាប្រិយ៍ (Folk Sport) ទទួលបានមេដាយមាស ០៤គ្រឿង ប្រាក់០៤គ្រឿង និងសំរឹទ្ធ ០១គ្រឿង និងកីឡាសីប៉ាក់តាក្រ ទទួលបានមេដាយសំរឹទ្ធ០១គ្រឿងដែរ
ដូច្នេះជារួមកម្ពុជាទទួលបានមេដាយមាស ១៣គ្រឿង មេដាយប្រាក់ ០៧គ្រឿង និងមេដាយសំរឹទ្ធ ០៤គ្រឿង ។
សូមបញ្ជាក់ថាជ័យលាភីមេដាយមាសជើងឯកអាស៊ីទទួលបានថវិកាឧបត្ថម្ភ ១៦លានរៀលក្នុងម្នាក់ ប្រាក់ ១៣លានរៀល និងសំរឹទ្ធ ១១លានរៀល ចំពោះការប្រកួតកីឡាមេគង្គហ្គេមមេដាយមាសទទួលបាន ៣លានរៀល ប្រាក់ ២លានរៀល និងសំរឹទ្ធ ១លានរៀលផងដែរ៕

13873245_873229982781219_616215801969028461_n

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ