គ្រូភ្នំពេញក្រោន ត្រៀមការពារកីឡាករកូរ៉េខាងជើង ក្នុងជំនួបជាមួយទ័ពល្ងាចនេះ

ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមក្រសួងការពារជាតិ (ទ័ព) នាវេលាម៉ោង ៦ល្ងាចនេះ ដើម្បីប្រជែងយក ៣ពិន្ទុរៀងៗខ្លួន នៅក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ។ ទន្ទឹមជាមួយគ្នានេះលោក សែម សំណាង គ្រូបង្វឹកភ្នំពេញក្រោន ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ពិសេសគឺរបាំងការពារកីឡាករកូរ៉េខាងជើងដែលជាឧបសគ្គធំជាងគេក្នុងការប្រកួតជើងទី២ ល្ងាចនេះ ។

seam-somnang

លោក សែម សំណាង បានថ្លែងក្នុងវីដេអូមួយ បង្ហោះលើទំព័រ Facebook របស់ក្លិបភ្នំពេញក្រោនថា ការពារជាតិ គឺជាក្រុមខ្លាំងមួយនារដូវកាលថ្មីនេះ ជាក់ស្ដែងរាល់ការជួបក្រុមកំពូលតារាងបឹងកេត គឺពិបាកយកឈ្នះគ្នាណាស់ ។ ប៉ុន្ដែដោយសារភ្នំពេញក្រោនធ្លាប់មានបទពិសោធន៍ឈ្នះក្រសួងការពារជាតិ កាលពីជើងទី១ លោកនៅតែមានជំនឿចិត្តយកឈ្នះគ្រាន់តែលោកចាំបាច់ត្រូវពង្រឹងតំបន់ការពារបន្ថែមទៀត ដើម្បីការពារការសងសឹករបស់ក្រសួងការពារជាតិនៅជើងទី២នេះ ។

13775437_1312304425463745_4933286660718328216_n

គ្រូបង្វឹកដែលទើបទទួលបានសញ្ជាតិខ្មែររូបនេះបាននិយាយថា៖ «ឆ្នាំ២០១៦នេះ ទ័ពលេងបានល្អគ្រប់គ្រងបាល់ និងមានចលនាល្អពិសេសគឺគេមានកីឡាករបរទេសដែលមានបទពិសោធន៍ច្រើនមែនទែន ។ អញ្ចឹងយើងត្រូវការការពារត្រឹមត្រូវពិសេសគឺកីឡាករខ្សែប្រយុទ្ធកូរ៉េ កុំឲ្យគេមានឱកាសហើយយើងនឹងធ្វើគម្រោងនេះឲ្យបានត្រឹមត្រូវដើម្បីស្វែងរកជ័យជម្នះ ។ កីឡាករកូរ៉េដែលមានគ្រាប់បាល់ច្រើន ហើយមានចលនា និងល្បឿនរួមទាំងការយល់ដឹងពីប្រកួត គឺពិតជាល្អ ចឹងយើងជឿថាដើម្បីឈ្នះគឺយើងត្រូវការការពារឲ្យបានត្រឹមត្រូវជានិច្ច» ។

photo_2016-07-30_08-45-38

សូមរំឮកថា កាលពីជើងទី១ គឺមានតែក្រុមភ្នំពេញក្រោននេះហើយ ដែលធ្វើឲ្យក្រុមក្រសួងការពារជាតិ ស្គាល់ពាក្យចាញ់មុនគេដោយលទ្ធផល ២-១ នៅទីលានពហុកីឡដ្ឋានស្ដាតចាស់ ។ យ៉ាងណាមិញជើងទី២នេះ ក្រុមទាំងពីរ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់គ្នានៅលើទឹកដីក្រុមភ្នំពេញក្រោនវិញផងដែរ ។ បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកៅអីលេខ៦ បណ្ដោះអាសន្នមាន ១៩ពិន្ទុតែទើបប្រកួតបាន ១២លើកឈ្នះ៥ ស្មើ៤ និងចាញ់៣ ។ រីឯក្រសួងការពារជាតិ បន្ដរក្សាកៅអីលេខ២ ដោយ ១៣ប្រកួតឈ្នះ១០ ស្មើ១និងចាញ់២ មាន ៣១ពិន្ទុ ។

13692498_497203077143890_6599330863888302046_n

ដំណាលគ្នានាល្ងាចនេះដែរ ក្រុមណាហ្គាវើល ក៏ត្រូវជួបក្រុមអាស៊ីអឺរ៉ុបផងដែរ ។ កាលពីជើងទី១ ណាហ្គាវើល បានយកឈ្នះអាស៊ីអឺរ៉ុប ១-០ ។ បច្ចុប្បន្នក្រុមណាហ្គាវើល កំពុងឈរលេខរៀងទី៣ មាន ២៤ពិន្ទុ ប៉ុន្ដែពិន្ទុនេះ មិនទាន់ប្រាកដអាចការពារតំណែងលេខ៣រហូតនោះទេ ខណៈការប្រកួតនៅសល់ ៥សប្ដាហ៍ទៀត ។ ដូច្នេះណាហ្គាវើលទាមទារឈ្នះជានិច្ច ដើម្បីការពារកៅអីលេខ៣ ក្នុងតារាង ។ ប៉ុន្ដែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលធ្លាប់បាននិយាយថាក្រុមលោកមិនអាចធ្វេសប្រហែសមួយប្រកួតណាឡើយសូម្បីតែជួបអាស៊ីអឺរ៉ុបល្ងាចនេះ ៕

13439156_571322376373717_8191392714889292630_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ