លីគកំពូលកម្ពុជា៖ បឹងកេត បន្ដឈរកំពូលតារាងក្រោយលត់ ខេមបូឌានថៃហ្គឺរ ៥-១ ល្ងាចមិញ

ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ បានលត់ក្រុមខេមបូឌានថៃហ្គឺរ យ៉ាងចាស់ដៃក្នុងជំនួបជើងទី២ ដោយលទ្ធផល ៥-១ ដើម្បីពង្រឹងកៅអីកំពូលតារាងលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)បានយកឈ្នះក្រុមស៊ីម៉ាក់ ១-០ គ្រាដែលជួបគ្នាជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ។

13906682_417164971787585_6303630888083741327_n

សម្រាប់ជំនួបដ៏ទាក់ទាញរវាងក្រុមបឹងកេតអង្គរ និងក្រុមខេមបូឌានថៃហ្គឺរនៅតង់ទី១ ក្រុមបឹងកេតអង្គរ បានធ្វើការនាំមុខ ២-០ ដែលធ្វើសម្រេចដោយកីឡាករ Kazuki Tatsuta នៅនាទីទី៩ និងកីឡាករ Debiro Dzarma Bata នៅនាទីទី២០ ។ បន្ទាប់មកទើបក្រុម Cambodian Tiger ព្យាយាមវាយបកនៅដើមតង់ទី២ រហូតបំប៉ោងសំណាញ់ក្រុមបឹងកេត បាន១គ្រាប់វិញដោយកីឡាករ Yoshihara Masato ។ ប៉ុន្ដែបន្ទាប់ពីក្រុមបឹងកេត ប្ដូរចូលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅចុងម៉ោងបឹងកេតអង្គរ បានដាក់សម្ពាធវិញ ហើយព្រមទាំងរកបាន ៣គ្រាប់បន្ថែមទៀត ដែលរកបានដោយកីឡាករ Gbenga ២គ្រាប់(នាទី៨០ និងនាទី៨២) និង ចាន់ វឌ្ឍនាកា ១គ្រាប់ ដើម្បីយកឈ្នះខេមបូឌានថៃហ្គឺរ ៥-១ ខណៈកាលពីជើងទី១ បឹងកេតឈ្នះត្រឹម ២-១ ប៉ុណ្ណោះ ។ ជ័យជម្នះនេះធ្វើឲ្យបឹងកេត បន្តឈរកំពូលតារាងដោយមាន៣៧ពិន្ទុ ក្រោយប្រកួតបាន ១៤លើកឈ្នះ១២ ស្មើ១ និងចាញ់១ លើកនោះ។

ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានភាពត្រដាបត្រដួសខ្លាំងកាលពីប្រកួតជើងទី១ ឥលូវបានគេចផុតពីបាតតារាងហើយពិសេសគឺបន្ទាប់ពីយកឈ្នះក្រុមស៊ីម៉ាក់ ១-០ ពីម្សិលមិញ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិគឺធ្វើសម្រេចដោយកីឡាករ ទិត្យ ឌីណា ដើម្បីពង្រឹងកៅអីលេខ៧ មាន ១៤ពិន្ទុ ក្រោយប្រកួត ១៤លើកឈ្នះ៣ ស្មើ៥ និងចាញ់៦ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ