ខ្លីៗអំពីលទ្ធផលនៅតាមសង្វៀនមួយចំនួនសម្រាប់ចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានសងសឹកយកឈ្នះគូប្រកួតជនជាតិថៃបានវិញនៅក្នុងការប្រកួតនាព្រឹកថ្ងៃទី៣១ ខែកក្កដានេះនៅលើសង្វៀនអាស៊ីអាគ្នេយ៍ ។ កីឡាករ Fa Phayak ជាអ្នកប្រដាល់ជើងខ្លាំងថៃថៃមួយរូបដែលធ្លាប់ប្រកួតឈ្នះច័ន្ទមានចំនួន ២លើកមកហើយ ។ សម្រាប់លើកនេះច័ន្ទមានហាក់ដូចជាត្រៀមខ្លួនបានល្អជាងមុនដែលធ្វើឲ្យការវាយចេញរបស់ Fa Phayak មិនសូវចំគោលដៅបានល្អនោះទេ ជាហេតុធ្វើឱ្យច័ន្ទមានទទួលបានជ័យជម្នះដោយពិន្ទុតែម្តង។

ចំណែឯកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍វិញបានបោះបង់ឱកាសប្រកួតជាមួយអ្នកប្រដាល់ឡាវ Champa Sak ដោយលើកហេតុផលមិនសូវទំនងថារូបគេលើសឈាមមិនអាចប្រកួតបាន ។ ជាមួយនឹងការបដិសេធមិនប្រកួតនេះព្រំ សំណាង ក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានដាក់ឲ្យប្រកួតជាមួយគ្រូបង្វឹករបស់ថៃឈ្មោះ Than Vallek ជាការជំនួសវិញ ។ Than Vallek ដែលជាមនុស្សអាយុច្រើនទៅហើយនោះគ្រាន់តែស្ម័គ្រចិត្តឡើងប្រកួតដោយសារខ្វះគូប្រកួតតែប៉ុណ្ណោះ ។ ប្រកួតបានតែ ២ ទឹក Than Vallek បោះបង់ចោលការប្រកួតតែម្ដង ។

photo_2016-07-31_11-02-03 [800x600]

ចំពោះការប្រកួតលើសង្វៀនអប្សរាវិញនោះអ្នកប្រដាល់ចាន់ ចំរើន មកពីក្លិបនិរោធន៍មានជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ជើងចាស់ថៃ Phun Sawath ដាច់តែម្ដង បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។

ចំពោះថុល មករាក្លិបឃ្លាំងមឿងកីឡាប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Yorth Sayam ដោយពិន្ទុដាច់ដែរបន្ទាប់ពីគេខិតខំតស៊ូ ៥ ទឹកពេញដែរនោះ ។

សូមរំលឹកផងដែរថា ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់លើសង្វៀន CNC យប់ថ្ងៃទី៣០ ខែកក្កដាវិញ អ្នកប្រដាល់កន ចន្ថា មកពីសមាគមប្រដាល់ក្រសួងការពារជាតិផ្ដួលអ្នកប្រដាល់ថៃ Darki Sor Viravan នៅទឹកទី ២ដោយប្រើជើងទាត់ចំកញ្ចឹងក។ ជ័យជម្នះនេះបានធ្ វើ០៣ប្រកួតរបស់ចន្ថាឈ្នះបាន ២ ប្រកួតចាញ់ ១ ប្រកួត ។ ចំពោះ៣ប្រកួតរបស់Darki Sor Viravan វិញចាញ់ទាំង ៣ ប្រកួត ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ មាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យបានចាញ់អ្នកប្រដាល់ឡាវ Chan Chai ដោយពិន្ទុដាច់តែម្ដង ។ ពេលនេះ ៣ ប្រកួតរបស់សុខរ៉ាឈ្នះបាន ២ ប្រកួតចាញ់ ១ ប្រកួត ឯ ៣ ប្រកួតរបស់ Chan Chai វិញឈ្នះបាន ១ ប្រកួតចាញ់ ២ ប្រកួត ។

ចំពោះគម្រោងនៃការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី៣១ ខែកក្កដាត្រូវបានលើកពេលទៅប្រកួតនៅរសៀលថ្ងៃទី៧ ខែសីហាវិញ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ