សហព័ន្ធតេក្វាន់ដូ I.T.F រៀបចំសិក្ខាសាលាមេគុនដើម្បីបង្កើនចំណេះដឹងបន្ថែមដល់កីឡាករ

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ I.T.F (International Taekwondo Federation) បានធ្វើសិក្ខាសាលាមេគុនរបស់ខ្លួនពេញមួយព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ។ សិក្ខាសាលានេះបានធ្វើឡើងក្រោមបទបង្ហាញពីសំណាក់លោកគ្រូធំ Re Chol Nam និងក្រោមការត្រួតពិនិត្យរបស់ឯកឧត្តមកែវ រ៉េមី ដែលជាប្រធានកិត្តិយសសហព័ន្ធ។

លោកប៉ាល់ ជីវ័ន្ដ ដែលជាគ្រូធំមួយរូបនោះបានឲ្យដឹងថា សិក្ខាសាលានេះមានអ្នកតេក្វាន់ដូចូលរួមចំនួន ៥៥នាក់ដែលមានកីឡាការិនី ៨នាក់ ។ ក្នុងចំណោម ៥៥នាក់នោះមានកីឡាករ-កីឡាការិនីជម្រើសជាតិ ៩នាក់ និងសិស្សមកពីក្លិបនានានៃបណ្ដាខេត្តនិងរាជធានីភ្នំពេញ ។

DSC_0016 (2) [800x600]

លោកប៊ួន ហ៊ីងសុធីយ៉ា ដែលមានកម្រិតខ្សែក្រវាត់ខ្មៅ ៦ដាន់ និងជាអគ្គលេខាធិការសហព័ន្ធផងនោះបានមានប្រសាសន៍ថា ការធ្វើសិក្ខាសាលានេះគឺដើម្បីឲ្យការប្រកួតមេគុនទូទាំងប្រទេសនាខែកញ្ញាខាងមុខនេះមានការឯកភាពគ្នាទាំងការប្រកួតទាំងការផ្ដល់ពិន្ទុ ។ លោកបានបន្តថា មេគុនតេក្វាន់ដូតែងតែធ្វើទំនើបកម្មជារៀងរហូតហើយយើងមិនមានលទ្ធភាពដើម្បីបញ្ជូនគ្រូឲ្យទៅក្រៅប្រទេសដើម្បីទទួលយកនូវអ្វីដែលថ្មីបានទេហេតុនេះយើងត្រូវតែទទួលយកពីគ្រូកូរ៉េដែលគាត់ជាម្ចាស់ក្បាច់គុននេះស្រាប់ ។

DSC_0002 (2) [800x600]

លោកអគ្គលេខាធិការបញ្ជាក់ថា បានជាសហព័ន្ធធ្វើសិក្ខាសាលាមេគុនបែបនេះក៏ព្រោះថាមេគុនជាមូលដ្ឋានគ្រឹះរបស់តេក្វាន់ដូ ។ប្រសិនបើមេគុនយើងច្បាស់នោះមានន័យថាស្នៀតប្រយុទ្ធរបស់យើងច្បាស់ហើយ ។ មេគុនតេក្វាន់ដូមិនខុសពីមេលេខទេ ។ មេលេខជាមូលដ្ឋានគ្រឹះរបស់គណិតវិទ្យាបើមិនចេះមេលេខគេក៏មិនអាចចេះគណិតវិទ្យាបានដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ