លោក Lee នឹងស្នើទៅ FFC ដើម្បីបោះជំរុំហ្វឹកហាត់នៅបរទេសត្រៀម AFF Suzuki Cup 2016

ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងមានបញ្ហាប្រឈមក្នុងការប្រមូលផ្ដុំកីឡាករដោយសារភាពមមាញឹកនៃលីគកំពូលកម្ពុជា ប៉ុន្ដែលោកបានបង្ហើបឲ្យដឹងថា នៅពេលលីគបញ្ចប់លោកនឹងស្នើទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីដឹកនាំកូនក្រុមទៅបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេសជិត ១ខែដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលាខាងមុខ នេះ។

IMG_0670

អំឡុងពេលប្រមូលផ្ដុំកីឡាករហ្វឹកហាត់ត្រៀមជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរី កាលពីពេលថ្មីៗកន្លងទៅនេះ លោក Lee Tae Hoon បានឲ្យដឹងថា មានបញ្ហាជាច្រើនបានកើតឡើង ដោយសារកីឡាករម្នាក់ៗ ជាប់កាតព្វកិច្ចជួយក្លិបរៀងៗខ្លួននៅក្នុងការប្រកួតលីគកំពូលកម្ពុជា ហើយមានអ្នកខ្លះរបួស មិនអាចលេងបានទៀត ។ ដូច្នេះការត្រៀមខ្លួន គឺមិនសូវបានល្អនោះទេដោយសារការប្រមូលផ្ដុំគ្មានពេលគ្រប់គ្រាន់ ហេតុនេះលោកនឹងស្នើសហព័ន្ធដើម្បីទៅហាត់នៅបរទេសមុនការប្រកួត AFF Suzuki Cup 2016 មកដល់ ។

13619925_1770127076558126_1264153603942815086_n

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ ធ្លាប់បានមានប្រសាសន៍ថា៖ «ការពិតខ្ញុំធ្លាប់ជជែកគ្នាជាមួយសហព័ន្ធដែរប៉ុន្ដែដោយសារកម្មវិធីប្រកួតលីគមានភាពមមាញឹកពេក យើងមិនអាចហៅកីឡាករមកហាត់ជុំគ្នាបានយូទេ ។ យ៉ាងណាក៏ដោយក្រោយបញ្ចប់លីគ តាមផែនការ ខ្ញុំនឹងស្នើសុំសហព័ន្ធដើម្បីបានទៅហ្វឹកហាត់នៅក្រៅប្រទេសក្នុងរយៈពេលក្រោមមួយខែ ប៉ុន្ដែមិនទាន់ដឹងនោះទេថា សហព័ន្ធនឹងអនុម័ត ១០០% ឬយ៉ាងណា ។ ប៉ុន្ដែការហាត់នៅក្រៅប្រទេសនោះនឹងត្រូវបានប្រាប់មកដោយសហព័ន្ធវិញ ថាហាត់នៅប្រទេសណា និងមានរយៈពេលប៉ុន្មាន  ។គោលដៅនៃការស្នើសុំបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេសនេះ គឺខ្ញុំចង់ឲ្យកម្ពុជា ឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 ក្នុងនាមយើងធ្វើជាម្ចាស់ផ្ទះ» ។

13876398_1771269003110600_6743547818941624016_n

យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា វគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះ ខណៈលីគកំពូលកម្ពុជា គ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ដូច្នេះក្រុមជម្រើសជាតិកម្ពុជាមានពេលវេលាហ្វឹកហាត់ជុំគ្នាជិត ១ខែ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ ដោយត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ៣ប្រទេសផ្សេងទៀតដើម្បីប្រជែងកៅអីវគ្គបន្ដ ៕

pic

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ