កែវ សុខផេង៖ «ពួកខ្ញុំនឹងខំប្រឹងបន្ដទៀតបើទោះសមាជិកថ្មីមិនទាន់យល់ចិត្តគ្នាក៏ដោយ!»

ភ្នំពេញ៖ ថ្វីត្បិតការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី ខិតជិតចូលមកដល់ ប៉ុន្ដែកីឡាករ និងគ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មិនទាន់រៀបចំខ្លួនបាន ១០០% ដើម្បីទទួលការប្រកួតមិត្តភាពអន្ដរជាតិនេះនៅឡើយ ។ ជាក់ស្ដែងខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង បានលើកឡើងថា ដោយសារសមាជិកថ្មីប៉ុន្មាននាក់ នៅមិនទាន់យល់ចិត្តគ្នានៅលើទីលាន ដូច្នេះវាអាចជាឧបសគ្គ សម្រាប់ការទទួលក្រុមខ្លាំងសិង្ហបុរីនាថ្ងៃស្អែក ។

13844059_860132034118751_81196476_o

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្ដភាពកម្ពុជា-សិង្ហបុរី កាលពីព្រឹកមិញកីឡាករខ្សែប្រយុទ្ធមកពីក្លិបភ្នំពេញក្រោន កែវ សុខផេង បានលើកឡើងថា៖ «សម្រាប់កីឡាករថ្មីៗ ដែលទើបបញ្ចូលក្នុងបញ្ជីឈ្មោះជម្រើសជាតិប៉ុន្មាននាក់ចុងក្រោយនេះ ពួកគាត់អត់ទាន់យល់ពីទិចនិចរបស់លោកគ្រូ (លោក Lee Tae Hoon) នោះទេ ហើយណាមួយការហ្វឹកហាត់របស់ពួកយើងមានរយៈពេលខ្លី ដូច្នេះកីឡាករក្នុងក្រុមទាំងមូល នៅមិនទាន់មានការយល់ចិត្តគ្នានោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺពួកខ្ញុំនឹងខំប្រឹងបន្ដទៀត» ។

13631630_930151510463637_2809038841748050381_n

ទន្ទឹងនឹងការលើកឡើងរបស់កីឡាករសំខាន់ក្នុងក្រុមជម្រើសជាតិកម្ពុជារូបនេះ លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ការប្រមូលផ្ដុំលើកនេះ គឺមិនសូវល្អនោះទេ ជាក់ស្ដែងមានកីឡាករសំខាន់ៗមួយចំនួនរបួស ដូចជា ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង ណុប តុលាជាដើម ។ កត្ដានេះបានជម្រុះឲ្យលោកចាប់ផ្ដើមចម្រាញរកកីឡាករក្មេងៗ ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាព ប៉ុន្ដែក្នុងរយៈពេលខ្លី ពួកគេនៅមិនទាន់ធ្វើបានល្អនៅឡើយទេ ។ គ្រូបង្វឹកជនជាតិកូរ៉េរូបនេះបានបន្ដថា «ក្រុមរបស់យើង នៅមិនទាន់រៀបចំក្រុមបានល្អទេ ដោយសារកីឡាករសំខាន់ៗ មានរបួសច្រើន ។ ដោយឡែកកីឡាករថ្មីៗ ពួកគាត់មិនសូវប្រមូលអារម្មណ៍បានល្អ ដែលនេះគឺជាការលំបាក ដែលយើងចង់ឲ្យពួកគេល្អឡើងវិញ ប៉ុន្ដែយើងនឹងព្យាយាមធ្វើឲ្យបានល្អ សម្រាប់ការប្រកួតថ្ងៃស្អែក ។ តែយ៉ាងណាយើងនឹងខិតខំធ្វើឲ្យបានល្អ ដើម្បីជាបទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅខែតុលាខាងមុខ ៕

13838561_860111377454150_4838875_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ