សម្ដេចតេជោហ៊ុន សែន ផ្តល់ថវិកាលើកទឹកចិត្តដល់អត្តពលិកដែលចេញទៅប្រកួតអូឡាំពិកពិភពលោក

ភ្នំពេញ៖ អត្តពលិកកីឡាទាំង៦រូប រួមទាំងគ្រូបង្វឹក ៣រូបផ្សេងទៀត បានទទួលការឧបត្តម្ភពីសម្ដេចហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតក្នុងម្នាក់ចំនួន ១០០០ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ ប្រទេសប្រស៊ីល នាខែសីហាខាងមុខនេះ។

IMG_7827

ថវិកាលើកទឹកចិត្តនេះត្រូវបាន ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាំយកមកជូនដល់ដៃអត្តពលិក និងគ្រូបង្វឹកកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា នេះដោយមានការចូលរួមពីសំណាក់តំណាងសហព័ន្ធកីឡាជាតិជាច្រើនរូប។

IMG_7802

ជាមួយគ្នានេះដែល ឯកឧត្តមថោង ខុន ក៏បាននាំយកថវិកាលើកទឹកចិត្តបន្ថែមដែលទទួលបានពីសប្បុរសជន ប្រគល់ជូនគ្រូបង្វឹកនិងកីឡាករ-កីឡាការិនីផងដែរ ប៉ុន្ដែក្នុងនោះកីឡាការិនី ស៊ន សៀវម៉ី ដែលជាបេក្ខភាពពេញសិទ្ធិចូលរួមប្រកួត Olympic Games លើកនេះ គឺទទួលបានការឧបត្ថម្ភច្រើនជាងគេចំនួន ២,៥០០ដុល្លារ ខណៈកីឡាករ-កីឡាការិនីដទៃទទួលបានម្នាក់ៗ ១,៥០០ដុល្លារនិងគ្រូបង្វឹកក៏ទទួលបានម្នាក់ ៧០០ដុល្លារផងដែរ។ការចេញទៅប្រកួតកីឡាអូឡាំពិកលើកនេះ កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ពីព្រោះកីឡាការិនី ស៊ន សៀវម៉ីដណ្ដើមបានសិទ្ធិពេញលេញសម្រាប់ការចូលរួមប្រកួតដែលខុសពីកន្លងមកដែលកម្ពុជាទទួលបានតែសិទ្ធិអនុគ្រោះប៉ុណ្ណោះសម្រាប់ការចូលរួម។

ឯកឧត្ដមក៏បានក្រើនរំលឹកដល់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពនិងមិនធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយសប្រទេសជាតិឡើយ។

IMG_7756

គួបញ្ជាក់ផងដែរថា កម្ពុជាបញ្ជូនអត្តពលិកចំនួន៦រូបទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសប្រេស៊ីលនាខែសីហាខាងមុខនេះគឺមាន កីឡាតេក្វាន់ដូ១នាក់គឺកីឡាការិនី ស៊ន សៀវម៉ី កីឡាហែលទឹក២នាក់គឺកីឡាការិនីហែមថុន វិទីនី និងកីឡាករ ពូ សុវិជ្ជា អត្តពលកម្ម២នាក់គឺកីឡាការិនី លី ណារី និងកីឡាករ Nekoព្រមទាំងកីឡាចំបាប់១នាក់គឺកីឡាការិនី ចូវ សុធារ៉ា៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ