សេក គឹមរូន អ្នកប្រដាល់ខេត្តសៀមរាបទក់សាច់ដោយសារកីឡាករថៃ

ភ្នំពេញោ៖ ការប្រកួតប្រដាល់លើសង្វៀន SEA-TV ព្រឹកថ្ងៃទី២៤កក្កដាម្សិលមិញនេះ អ្នកប្រដាល់សេក គឹមរូនមកពីក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវបានអ្នកប្រដាល់ថៃ Kolap Dam វ៉ៃឡើងទក់សាច់តែម្ដង ។

ក្នុងការប្រកួត ៥ ទឹកនោះគឹមរូនហាក់ដូចជាសម្រុកចូលរហូត តែភាគច្រើននៃការសម្រុកចូលរបស់គេត្រូវគូ ប្រកួតច្រាសមកវិញយ៉ាងចាស់ដៃ។ ជង្គង់របស់Kolap Damបានធ្វើឲ្យគឹមរូនគាំងជាញឹកញាប់តែគេអាចទ្រាំទ្របានរហូតចប់ទឹក ។

នៅទឹកទី៣ ជាទឹកដែលគឹមរូនទ្រោមខ្លួនខ្លាំងនោះ ពួកគេទាំងសងខាងមានរបួសដូចគ្នាគឺKolap Dam មានរបួសលើចុងភ្នែកស្ដាំ ឯ គឹមរូនរបួសសៀតផ្កាខាងស្ដាំដែរ។ នៅទឹកទី៤ និង ទឹកទី៥ ការប្រកួតកាន់តែកក្រើកទោះជាយ៉ាងណាក៏ស្ថិតិវ៉ៃចំគោលដៅរបស់អ្នកប្រដាល់ថៃមានច្រើនជាងដែរ ដូច្នេះចប់ការប្រកួត Kolap Dam បានទទួលជ័យជំនះលើសេក គឹមរូនដោយឈ្នះពិន្ទុដាច់តែម្ដង ។

ម៉ន រដ្ឋារបស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃឈ្មោះ Kiev Ba បន្ទាប់ពីពួកគេតស៊ូ ៥ ទឹកពេញមកនោះ ។ ស្ថានភាពនៃការប្រកួតប្រហាក់ប្រហែលគ្នាមែនតែរដ្ឋាត្រូវ Kiev Ba គ្រវែងឲ្យដួលលើសង្វៀនជាញឹកញាប់ ប៉ុន្តែលទ្ធផលបានត្រឹមស្មើគ្នាប៉ុណ្ណោះ ។

ចំពោះការប្រកួតលើសង្វៀន CTN កាលពីរសៀលថ្ងៃទី២៣កក្កដានេះ អ្នកប្រដាល់កម្ពុជារិន សារ័ត្នរបស់ក្លិបអេភូថងកីឡាប្រកួតឈ្នះអ្នកប្រដាល់ថៃ Chhat Watcharak ដោយពិន្តុទាំងលំបាកគួរសម បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។

ជាមួយគ្នានេះដែរអ្នកប្រដាល់ជើងខ្លាំងកម្ពុជាសែន រ៉ាដេតមកពីក្លិបអប្សរាគុនខ្មែរបានប្រកួតឈ្នះអ្នកប្រដាល់ថៃ TOTO Meung Phone Thong ដោយពិន្ទុទាំងលំបាកដែរបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញដែរនោះ ។

ឯការប្រកួតលើសង្វៀន CNC យប់ថ្ងៃទី២៣កក្កដានេះដែរអ្នកប្រដាល់កម្ពុជាខុន លីហ៊ុយ ក្លិបកងពលលេខ៨ អន្តរាគមន៍ភ្នំទ្រព្យប្រកួតឈ្នះអ្នកប្រដាល់បារាំង Louis Renaut ដោយពិន្ទុក្នុងខណៈដែលកុយ ចាន់តូក្លិបគីសែមាន រិទ្ធត្រូវអ្នកប្រដាល់បារាំង Samuel Hardy Dessoures វ៉ៃឲ្យសន្លប់នៅទឹកទី ២ នោះ ។

2

3

4

1

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ