គ្រូ U-16 ថៃ៖ យើងត្រូវតែដណ្តើមយកលេខ៣ឱ្យបាន ដើម្បីបង្ហាញថាយើងអាចឈ្នះគ្រប់ក្រុមនៅអាស៊ាន!

ភ្នំពេញ៖ ខណៈដែលការប្រកួតថ្ងៃចុងក្រោយនៃព្រឹិត្តិការណ៍ AFF U-16 Youth Championship 2016 នឹងត្រូវចាប់ផ្តើមនារសៀលនេះ គ្រូក្រុម U-16 ថៃដែលត្រូវប្រកួតដណ្តើមលេខ៣ ជាមួយក្រុម U-16 កម្ពុជា នោះបានធ្វើកាប្តេជ្ញាចិត្តថា នឹងជម្នះយកចំណាត់ថ្នាក់លេខ៣ នេះឱ្យបានដោយមិនអាចរបូតឱ្យក្រុមកម្ពុជាដោយងាយៗឡើយ។

13835870_10210069240237490_1083968862_o-768x510

លោក ឆ័យយ៉ុង ខាំពាម បានថ្លែងថា៖ « ថ្ងៃនេះនឹងមានការប្រកួតដ៏សំខាន់មួយ ហើយវាជាពេលវេលាដែលក្រុមរបស់យើងត្រូវកសាងឡើងវិញនៅអ្វីដែលយើងបានបាត់បង់ និងត្រូវកែប្រែរាល់កំហុសឆ្គងដែលយើងមាននាពេលកន្លងមក ដូច្នេះក្រុមរបស់យើងត្រូវតែឈ្នះ ហើយដណ្តើមយកចំណាត់ថ្នាក់លេខ៣ ឱ្យបានដើម្បីបង្ហាញឱ្យឃើញថាក្រុមរបស់យើងអាចយកឈ្នះគ្រប់ក្រុមទាំងអស់នៅក្នុងតំបន់អាស៊ាននេះ!»។

13835714_10210069239597474_249471131_o-768x511

សូមបញ្ជាក់ថា ក្រុមអតីតជើងឯកឆ្នាំចាស់ថៃបានចំណាយពេលហ្វឹកហាត់កាលពីម្សិលមិញនៅលើទីលានបាល់ទាត់បឹងកេងកងដើម្បីធ្វើការប្រមូលផ្តុំកម្លាំង និងចិត្តសាស្ត្រសម្រាប់ការប្រកួតនៅរសៀលនេះ ហើយបើតាមការអះអាងរបស់គ្រូបង្វឹករូបនេះបានឱ្យដឹងថា ការហ្វឹកហាត់នេះ មិនត្រឹមតែផ្តោតលើកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែវាជាការកសាងលើងវិញនូវទំនុកចិត្តដល់កូនក្រុមខណៈដែលការប្រកួតយកចំណាត់ថ្នាក់លេខ៣ គឺជាឱកាសដ៏សំខាន់ដើម្បីបញ្ជាក់ថាក្រុមរបស់លោកគឺជាក្រុមដែលខ្លាំអ និងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

13835978_10210069240357493_1520095613_o-768x510

គួរបញ្ជាក់ផងដែរថា ជំនួបរវាងក្រុមកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនាវេលាម៉ោង ៣.៣០ រសៀលថ្ងៃទី២៣ ខែកក្កដា នេះនៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក និងជាការជួបគ្នាលើកទី២ នៅក្នុងពានរង្វាន់ AFF នេះបន្ទាប់ពីក្រុមថៃបានយកឈ្នះលើក្រុមកម្ពុជាក្នុងលទ្ធផល ៦-០  ម្តងរួចមកហើយកាលពីការប្រកួតជម្រុះក្នុងពូល B នាពេលកន្លងមក៕

ប្រភព៖ សមាគមបាល់ទាត់នៃប្រទេសថៃ

ប្រែសម្រួល៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ