គ្រូជប៉ុន បង្ហូរទឹកភ្នែកក្រោយ U-16កម្ពុជា ចាញ់យុវជនវៀតណាម ១-០ យប់មិញ

ភ្នំពេញ៖ សម្រាប់ការបរាជ័យយ៉ាងប្រផិតប្រផើយក្រោមថ្វីជើងក្រុមយុវជន U-16វៀតណាម ដោយលទ្ធផល ១-០នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-16 Championship 2016 យប់មិញ បានធ្វើគ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazanori បង្ហូរទឹកភ្នែកសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីកូនក្រុមខ្លួនអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះ ។

លោក Inoue Kazanori បានសម្រក់ទឹកភ្នែកភ្លាមៗ បន្ទាប់ពីក្រុមយុវជនកម្ពុជា ប្រកួតចាញ់យុវជនវៀតណាមយប់មិញ ។ ប៉ុន្ដែមានអ្នកគាំទ្រជាច្រើនបាននាំគ្នាផ្ដល់កម្លាំងចិត្តដល់លោក ព្រោះគ្រូបង្វឹកជនជាតិជប៉ុននេះហើយ ដែលជួយ U-16 កម្ពុជាបង្កើតប្រវត្តិសាស្ដ្រថ្មីមួយ ដោយដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលពាន AFF U-16 Championship នេះលើកដំបូងក្នុងឆ្នាំ២០១៦នេះ បើគិតតាំងពីឆ្នាំ២០០២ មក ។

13781693_1768107083426792_5910640681114271814_n

គួរបញ្ជាក់ថា ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រយប់មិញ ក្រុមយុវជនវៀតណាម បានដាក់សម្ពាធខ្លាំងនៅដើមតង់ទី១ហើយបានទទួលគ្រាប់បាល់នាំមុខ ១-០ លើក្រុមយុវជនកម្ពុជា ដែលធ្វើសម្រេចដោយកីឡាករ Nguyen Xuan Kien នៅនាទីទី២៨ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ យ៉ាងណាមិញក្រុមយុវជនកម្ពុជាក៏មានឱកាសវាយបកនៅចុងតង់ទី១ និងតង់ទី២ផងដែរ ប៉ុន្ដែមិនអាចទម្លាយរបាំងការពារក្រុមវៀតណាមបានឡើយ ។

ជ័យជម្នះរបស់ក្រុមយុវជនវៀតណាមនេះ គឺត្រូវឡើងទៅជួយក្រុមយុវជនអូស្រ្តាលី ដែលបានទម្លាក់ការពារតំណែងជើងឯកថៃដោយបាល់ប៉េណាល់ទី ៥-៤ ខណៈការប្រកួតម៉ោងធម្មតា ៩០នាទីស្មើគ្នា ៣-៣ ។ ដូច្នេះវៀតណាម និងអូស្រ្តាលីត្រូវជួបគ្នាដណ្ដើមតំណែងជើងឯកពាន AFF U-16 Champioship ឆ្នាំ២០១៦ នៅថ្ងៃទី២៣ ខែកក្កដាស្ងែកនេះ ។ ដោយឡែកក្រុមU-16 កម្ពុជា ត្រូវជួបក្រុមយុវជនថៃ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ