តើជាទង្វើរល្អមែនទេ ដែលអ្នកគាំទ្រប្រយុទ្ធគ្នា ដើម្បីបង្ហាញទឹកចិត្តគាំទ្រក្រុមជម្រើសជាតិ?

ភ្នំពេញ៖ ការបរាជ័យក្រោមថ្វីជើងក្រុមការពារតំណែងជើងឯកថៃ ដោយលទ្ធផល ៦-០ នៅក្នុងជំនួបការប្រកួតពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦ កាលពីយប់មិញ គឺជារឿងគួរឲ្យសោកស្ដាយបំផុត សម្រាប់ក្រុមយុវជនកម្ពុជា ប៉ុន្ដែអ្វីដែលកាន់តែសោកស្ដាយលើសពីនេះ គឺការបង្ហាញនូវទង្វើរមិនគួរគប្បីរបស់អ្នកគាំទ្រ ដែលបើកការវាយតបគ្នាអំឡុងពេលប្រកួត ធ្វើឲ្យមហាជនទូទៅសម្ដែងការរិះគន់ជាខ្លាំង ហើយមានអ្នកខ្លះបានចោទសួរថា តើការប៉ះទង្គិចគ្នាដោយប្រើកណ្ដាប់ដៃ និងដបទឹកសុទ្ធបែបនេះ គឺជាទង្វើរល្អ ដើម្បីលើកកិត្តិយសប្រទេសជាតិ និងជួយអភិវឌ្ឍន៍វិស័យកម្ពុជា ឬក៏យ៉ាងណា?

នេះមិនមែនជាលើកទី ១ ទេ ដែលអ្នកគាំទ្រមួយក្ដាប់តូចនាំគ្នាបង្ករឿង វាយតប ឬកប់ដបទឹកសុទ្ធយ៉ាងអណាធិបតេយ្យបង្កផលប៉ះពាល់ដល់អ្នកទស្សនាផ្សេងៗ ពិសេសគឺប៉ះពាល់ដល់មុខមាត់ប្រទេសជាតិកម្ពុជា នៅពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិអ្វីម្ដងៗ ។ កាលពីយប់មិញមានយុវជនមួយក្រុមតូច បានប៉ះទង្គិចគ្នាមួយប្រាវ អំឡុងពេល U-16 កម្ពុជា ប៉ះ U-16 ថៃ នៅដើមតង់ទី១ ចំពោះមុខអ្នកគាំទ្រជាតិ និងអន្ដរជាតិជាច្រើនម៉ឺននាក់រហូតមានការអន្ដរាគមន៍ពីសំណាក់កងកម្លាំងអាវុធហត្ថទៀតផង ទើបការប៉ះទង្គិចគ្នាដោយប្រើកណ្ដាប់ដៃនោះបានបញ្ចប់ ។

13669561_154566924964526_4946078468244997813_n

ជាមួយនឹងការបង្កបញ្ហាខាងលើ ថ្វីត្បិតតែគ្មានអ្នករងរបួសក៏ពិតមែន ប៉ុន្ដែត្រូវបានមហាជនទូទៅ ធ្វើការរិះគន់មិនសំចៃមាត់ឡើយ ព្រោះគេយល់ថា ការបញ្ចេញទង្វើរបែបនេះ មិនមែនជាការគាំទ្រ ឬការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិនោះទេ ផ្ទុយទៅវិញ វាជាទង្វើរបំផ្លាញវិស័យកីឡា និងបំបាក់មុខមាត់ប្រទេសជាតិទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងធ្វើឲ្យកម្ពុជា គ្មានឱកាសនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិ ឬការដាក់ទណ្ឌកម្ម មិនឲ្យចូលរួមប្រកួតលើឆាកអន្ដរជាតិទៀតផង។

13690883_154568474964371_4983869913200790601_n

ហេតុនេះមានមហាជនបានអំពាវនាវដល់ជនមួយក្ដាប់តូចនោះ ឲ្យបញ្ឈប់សកម្មភាពអសីលធម៌របស់ខ្លួន ដើម្បីរួមចំណែកជំរុញវិស័យកីឡាជាតិឲ្យរីកចម្រើន។ ជាការពិតលោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៦ ឆ្នាំកម្ពុជា ទើបតែថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅថារាល់ការប្រកួតលោកពិតជាសប្បាយចិត្ដ ដែលឃើញមានអ្នកគាំទ្រមកទស្សនាច្រើនដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករវ័យក្មេងកម្ពុជា ប៉ុន្ដែលោកក៏សុំទោសផងដែរ ចំពោះការធ្វើមិនបានល្អនៃការប្រកួតខ្លះ។ ទន្ទឹមជាមួយគ្នានេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ធ្លាប់បានបញ្ជាក់ផងដែរថា វិស័យកីឡាអាចរីកចម្រើនឆាប់រហ័សទៅបានគឺអាស្រ័យដោយមានការចូលរួមពីអ្នកគាំទ្រ ប៉ុន្ដែសហព័ន្ធមិនត្រូវការអ្នកគាំទ្រ ដែលមកទស្សនាដើម្បីបង្កហិង្សានាំឲ្យប៉ះពាល់កិត្តិយសប្រទេសជាតិនោះទេ ៕

13654331_154598528294699_3464801263804771033_n

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ