លោក មាស ចាន់ណា៖ ណាហ្គា អាចយកឈ្នះស្វាយរៀងលើសពី ២គ្រាប់ បើសិន…!

ភ្នំពេញ៖ ក្រុមណាហ្គាវើល បានទម្លាក់ក្រុមព្រះខ័នរាជស្វាយរៀង ពីកៅអីលេខ៣ ក្នុងតារាងលីគកំពូលកម្ពុជាហើយនៅក្នុងការប្រកួតសប្ដាហ៍ទី១៣ ម្សិលមិញ ក្រោយយកឈ្នះដោយលទ្ធផល ២-១ ប៉ុន្ដែជ័យជម្នះនេះមិនបានធ្វើឲ្យគ្រូបង្វឹកលោក មាស ចាន់ណា ពេញចិត្តប៉ុន្មាននោះទេ ដោយសារចង្វាក់លេងរបស់កូនក្រុមលោកនៅមានខ្វះចន្លោះច្រើន ខណៈលោករំពឹងថានឹងរកឱ្យបានគ្រាប់បាល់លើសពី ២គ្រាប់ឯណោះ ។

photo_2016-07-18_08-20-28

លោក មាស ចាន់ណា បានលើកឡើងថា៖ «ថ្វីត្បិតតែយើងរកបាន ៣ពិន្ទុក៏ពិតមែន ប៉ុន្ដែយើងនៅមានចន្លោះប្រហោងច្រើន ។ការប្រកួតនេះ ការរំពឹងទុករបស់ខ្ញុំមានការផ្លាស់ប្ដូរច្រើន ព្រោះមើលជាក់ស្ដែងឱកាសរកគ្រាប់យើងអាច ៣គ្រាប់ ឬ ៤គ្រាប់ មិនមែនត្រឹម ២-១នោះទេ បើសិនយើងយល់ចិត្តគ្នានៅលើទីលានបានច្រើន! ។ ពួកគាត់មានបញ្ហាច្រើន ពិសេសតំបន់កណ្ដាល និងតំបន់ប្រយុទ្ធព្រោះពេលខ្លះគាត់ចេញចលនាអត់ត្រូវពេល ពេលណាត្រូវរត់ ពេលណាត្រូវចាំ…!» ។

13731500_1766523056918528_5844360853473589172_n

គួរបញ្ជាក់ថា ជំនួបលើទីលានពហុកីឡដ្ឋានស្ដាតចាស់កាលពីម្សិលមិញ នៅតង់ទី១ ក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបានទេ ។ លុះចូលតង់ទី២ ក្រុមណាហ្គាវើល បានរកគ្រាប់បាល់នាំមុខមុន ដែលរកបានដោយកីឡាករ សុខ សុវណ្ណរិទ្ធី នៅនាទីទី៥២ មុននឹងកីឡាករឈុន សុធារ័ត្ន ទាត់បាល់ពិន័យ ១១ម៉ែត្រតាមស្មើ ១-១ នៅនាទីនាទីទី៨១ ។ ប៉ុន្ដែគួរឲ្យស្ដាយនៅចុងម៉ោងកីឡាករ សុខ សុវណ្ណរិទ្ធី បានបន្ថែម ១គ្រាប់ទៀត ដើម្បីកាត់សេចក្ដី គឺក្រុមណាហ្គាវើល ឈ្នះព្រះខ័នរាជស្វាយរៀង ២-១ តែម្ដង ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមណាហ្គាវើល ឡើងឈរចំណាត់ថ្នាក់លេខ៣ ជាបណ្ដោះអាសន្ន ក្រោយប្រកួត ១៣លើកឈ្នះ៧ ស្មើ៣ និងចាញ់៣ មាន ២៤ពិន្ទុ ។ ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខរៀងទី៤ មាន ២២ពិន្ទុដដែលដោយប្រកួត ១២លើកឈ្នះ៧ ស្មើ១ និងចាញ់៥ ។ ចំណែកក្រុមកំពូលតារាង គឺក្រុមបឹងកេតអង្គរ ដែលមាន ៣៤ពិន្ទុ បន្ទាប់ពីប្រកួតស្មើក្រុមក្រសួងការពារជាតិ ២-២ កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈក្រសួងការពារជាតិ ឈរលេខ២ មាន ២៨ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ