ចាន់ ស៊ីណាត និង រឿង សោភ័ណ្ឌ បានត្រឹមស្មើជាមួយថៃ

ភ្នំពេញ៖ ការប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀន SEA TV កាលពីយប់ថ្ងៃទី១៥ ខែកក្កដាម្សិលមិញនេះ អ្នកប្រដាល់ចាន់ ស៊ីណាត មកពីក្លិបនិរោធន៍មានជ័យដែលតែងតែជួបបរាជ័យនោះលើកនេះគេវ៉ៃបានត្រឹមស្មើជាមួយគូប្រកួត។

photo_2009-08-20_00-15-25 [800x600]

ស៊ីណាតប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Sing ដោយស្ថានភាពនៃការប្រកួតនេះគឺបើទោះបីពេលខ្លះ Yorth Sing ហាក់ដូចជាមានប្រៀបក៏ពិតមែនតែបានអាជ្ញាកណ្ដាលជួយច្រើនគឺពេលដែលស៊ីណាតមានឱកាសនោះអាជ្ញាកណ្ដាលហាក់ដូចជាទុកឱកាសឲ្យស៊ីណាតវាយប្រហារលើគូប្រកួត។ តែពេលគូប្រកួតមានឱកាសវ៉ៃនោះអាជ្ញាកណ្ដាលឃាត់ហើយចាក់ឲ្យមកវ៉ៃជាថ្មីនៅកណ្ដាលសង្វៀន។ ទោះបីយ៉ាងណាក៏គូនេះប្រកួតគ្នា ៥ ទឹកពេញហើយលទ្ធផលចុងក្រោយគឺបានត្រឹមស្មើគ្នាដោយពិន្ទុប៉ុណ្ណោះ។

photo_2009-08-20_00-14-37 [800x600]

ដោយឡែកអ្នកប្រដាល់ជើងខ្លាំងរឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ក៏ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃឈ្មោះ Thai Oulek ដែរ ។ សោភ័ណ្ឌជាអ្នកប្រដាល់ពូកែឆ្វេងដែលអាវុធខាងឆ្វេងរបស់គេវ៉ៃចេញបានធ្ងន់ណាស់គឺទាំងកណ្ដាប់ដៃ ទាត់ ជង្គង់ និង កែង ។ តែពេលជួបជាមួយ Thai Oulek គេវ៉ៃចេញមិនសូវរួចហើយពេលវ៉ៃចេញបាននោះក៏មិនសូវជាចំគោលដៅដែរ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាដោយប្រុងប្រយ័ត្នបំផុតព្រោះការវ៉ៃចេញរបស់គេធ្ងន់ដូចគ្នា ប៉ុន្តែ ៥ទឹកនៃការប្រកួតគឺបានត្រឹមតែស្មើគ្នាដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ