ទីលានបឹងកេងកង សម្ពោធដាក់ឲ្យប្រើប្រាស់ក្រោយជួសជុលអស់ជិត ១០ម៉ឺនដុល្លារ

ភ្នំពេញ៖ ទីលានបាល់ទាត់ស្មៅធម្មជាតិ នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលទើបជួសជុលនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួចកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦នេះ ដោយមានការចូលរួមកាត់ខ្សែបូរពីសំណាក់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមទាំងមន្ដ្រីមន្ទីរ និងខណ្ឌជាច្រើនផងដែរ ។

IMG_8987

លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងថា ទីលានបាល់ទាត់នេះបានអនុគម្រោងស្ថាបនាចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦នេះទើបបញ្ចប់ ដោយចំណាយអស់ថវិកាសរុប ៩៩.៧៨១ដុល្លារប៉ុន្ដែការស្ថាបនាទីលានថ្មីនេះ គឺទទួលបានការឧបត្ថម្ភទាំងស្រុងពីសំណាក់ឯកឧត្តម ប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ប៉ា សុជាតិវង្ស បានគូសបញ្ជាក់ឲ្យថា ដោយសារវិស័យកីឡា កំពុងតែមានសក្ដានុពលនិងពេញនិយមលេងកម្សាន្ដ ដើម្បីសុខភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់វ័យ រួមទាំងសិស្សានុសិស្សផងនោះទើបជំរុញឲ្យឯកឧត្តមស្ថាបនាទីលានបាល់ទាត់នៃវិទ្យាល័យជាស៊ីមបឹងកេងកងនេះ ដើម្បីផ្ដល់ឲ្យសិស្សានុសិស្សមានទីលានលេងស្រួលក្រោយទំនេរពីការសិក្សា ដើម្បីបង្កើនសមត្ថភាពផ្លូវកាយ មានភាពឈ្លាតវៃ និងមានក្រមសីលធម៌ល្អផងដែរ ។

IMG_9005

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមក៏បានប្រកាសអំពីយុន្ធការបង្កើតឲ្យមាន «សមាគមកីឡារាជធានីភ្នំពេញ»មួយដើម្បីគាំទ្ររាល់សកម្មភាពកីឡាក្នុងរាជធានីភ្នំពេញ និងជំរុញឲ្យគ្រប់ខណ្ឌទាំង មានចលនាកីឡាគ្រប់ប្រភេទដើម្បីធ្វើការប្រកួតជើងឯកប្រចាំឆ្នាំទៀតផង ។ ឯកឧត្តមបានបន្ដថា នេះគឺជាយុទ្ធសាស្ដ្រមួយ ដើម្បីបំផុសសកម្មភាពកីឡានិងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាមួយរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំងដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។

IMG_9013

គួរបញ្ជាក់ថា ចំពោះការស្ថាបនាទីលានបាល់ទាត់ស្មៅធម្មជាតិ នៃវិទ្យាល័យបឹងកេងកង ដែលចំណាយអស់ជិត ១០ម៉ឺនដុល្លារនេះគឺទទួលបានសមិទ្ធិផលតាមគម្រោងដូចជា៖ ការចាក់ដីនិងដាំស្មៅលើផ្ទៃដី ៧៩២០ម៉ែត្រក្រឡា, ការសាងសង់វេទិកា ១ខ្នងទំហំ៩៩.៥០ម៉ែត្រក្រឡា, ការរៀបចំក្រាលការ៉ូឡាទំហំ ១.៦០០ម៉ែត្រក្រឡា និងរៀបចំប្រព័ន្ធលូ ទុយ៉ូទឹកស្អាតព្រមទាំងការដាំដើមឈើរបន្ថែមផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ