គួរឲ្យស្ដាយ! ភួង សុខសាណា មិនអាចជួយការពារជាតិដល់បញ្ចប់ជើងទី២ឡើយ

ភ្នំពេញ៖ ដោយសាររបួសជង្គង់បានបង្ខំឲ្យខ្សែប្រយុទ្ធដ៏ឆ្នើម និងជាប្រធានក្រុមក្រសួងការពារជាតិគឺកីឡាករ ភួង សុខសាណា ស្ថិតនៅក្រៅទីលានមិនអាចបន្ដជួយមិត្តរួមក្រុមរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជាជើងទី២នេះបានទៀតឡើយ។ នេះបើយោងតាមសម្ដីរបស់លោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹកក្រុមក្រសួងការពារជាតិ។

cup-29-03

លោក ទេព ឡុងរចនា បានឲ្យដឹងថា អំឡុងពេលកីឡាករ ភួង សុខសាណា ជួយក្រុមជម្រើសជាតិកម្ពុជាយកឈ្នះក្រុមទីម័រខាងកើត ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីចុងខែឧសភាកន្លងទៅបានប៉ះទង្គិចគ្នាបណ្ដាល ឲ្យមានរបួសជង្គង់មិនអាចបន្ដការប្រកួតក្រោយៗបានឡើយ។ រហូតមកទល់ពេលនេះ សុខសាណា បានត្រឹមហ្វឹកហាត់កម្លាំងបន្ដិចបន្ដួច ប៉ុន្តែមិនអាចចូលលេងជាមួយមិត្តរួមក្រុមបានទេ។

13327463_1748137612090406_7406950979616701911_n

គ្រូបង្វឹកទើបដឹកនាំក្រុមលើកពាន Hun Sen Cup ឆ្នាំ២០១៦រូបនេះ បានបញ្ជាក់ថា៖ «ដោយសាររបួសជង្គង់របស់គាត់(សុខសាណា)មានលក្ខណៈរាងធ្ងន់ធ្ងរដែរ ដូច្នេះគាត់ប្រឈមនឹងការមិនអាចជួយក្រុមរហូតដល់ចប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជាឆ្នាំនេះ។ ប៉ុន្ដែខ្ញុំមិនមានការព្រួយបារម្ភ ចំពោះការអវត្តមានរបស់គាត់នោះទេ ព្រោះខ្ញុំបានត្រៀមកីឡាករ ២នាក់ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាលេងជំនួសតំណែងរបស់គេ» ។

13321917_1748137748757059_5338298198103298159_n

សូមរំឮកថា នេះជាលើកទី២ហើយ ក្នុងអាជីពបាល់ទាត់របស់ ភួង សុខសាណា ដែលជួបរឿងអាក្រក់បែបនេះ ពោលគឺកាលពីឆ្នាំ២០១៥ អំឡុងពេលជួយក្រុមជម្រើសជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៨ នៅសិង្ហបុរី ដោយរូបគេធ្លាប់របួសកជើង និងជង្គង់ម្ដងហើយៗថែមទាំងមិនបានជួយក្រសួងការពារជាតិស្ទើរពេញមួយរដូវកាលទៀតផង។

13330917_1748136612090506_8260321099667983124_n

គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ក្រុមក្រសួងការពារជាតិ កំពុងឈរលេខរៀងទី២ ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នមាន ២៧ពិន្ទុ ក្រោយឆ្លងកាត់ ១១ប្រកួតឈ្នះ៩ និងចាញ់២ គ្រាដែលក្រុមកំពូលតារាងបឹងកេតអង្គរ មាន ៣៣ពិន្ទុ បន្ទាប់ពីប្រកួតបាន ១២លើកឈ្នះ១១ និងចាញ់១ ។ ប៉ុន្ដែនៅចុងសប្ដាហ៍នេះ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ដើម្បីប្រជែងយក ៣ពិន្ទុបន្ថែមដើម្បីពង្រឹងក្ដីសង្ឃឹមលើកពាន រដូវកាលថ្មីនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ