ចាន់ វឌ្ឍនាកា វ៉ាដាច់ Ronaldo កូរ៉េខាងជើងក្នុងបញ្ជី Top Scorer ក្រោយធ្វើបាន Hat-Trick

ភ្នំពេញ៖ អតីតម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា បាននឹងកំពុងធ្វើដំណើរឆ្ពោះគ្រងតំណែងពាននេះជាថ្មីម្ដងទៀតហើយបន្ទាប់ពីធ្វើបាន Hat-TricK ៣គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមបឹងកេតអង្គរ យកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ៤-០ កាលពីម្សិលមិញ ថែមទាំងបានវ៉ាដាច់គូប្រជែង គឺកីឡាករ Choe Myong Ho ដែលមានរហស្សនាម Ronaldo កូរ៉េខាងជើងរបស់ក្រុមក្រសួងការពារជាតិ នៅក្នុងតារាងអ្នកស៊ុតបាល់ចូលទីច្រើនជាងគេ(Top Scorer) រដូវកាលថ្មីនេះផងដែរ។

Vathanaka cv11(1)

សរុបគ្រាប់បាល់របស់ ចាន់ វឌ្ឍនាកា នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ១២សប្ដាហ៍កន្លងទៅ គឺរកបាន ១៨គ្រាប់ហើយស្របពេលខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong Ho ទើបរកបាន ១៤គ្រាប់ដដែល ព្រោះជំនួបរវាងក្រសួងការពារជាតិនិងក្រុមវេស្ទើន ត្រូវបានពន្យាពេលដោយសារវេស្ទើន ជាប់បេសកកម្មចូលរួមប្រកួតកីឡាឧត្ដមសិក្សាជើងឯកអាស៊ាន នៅសិង្ហបុរី ធ្វើឲ្យ Choe Myong Ho ខកខានរកគ្រាប់បាល់បន្ថែម។

គួរបញ្ជាក់ថា នៅក្នុងចំណោមគ្រាប់បាល់ទាំង ១៨គ្រាប់របស់កីឡាករ ចាន់ វឌ្ឍនាកា បានទាត់ចូលទីគូប្រកួតចំនួន ១៣គ្រាប់កាលពីជុំទី១ខណៈ ៥គ្រាប់ទៀត បានកើតឡើងនៅដើមជុំទី២នេះ ។ ជុំទី១ រួមមានម្ចាស់ស្បែកជើងមាសឆ្នាំចាស់នេះបានទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ៣គ្រាប់ ស៊ីម៉ាក់ ៣គ្រាប់ អាស៊ីអឺរ៉ុប ២គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២គ្រាប់ ខេមបូឌានថាយហ្គឺរ ១គ្រាប់ វេស្ទើនភ្នំពេញ ១គ្រាប់ និងក្រុមណាហ្គាវើល ១គ្រាប់ ។

ឮឮឮ

ដោយឡែកជុំទី២ បើកឆាក ចាន់ វឌ្ឍនាកា បានទាត់ចូលទីក្រុមអាស៊ីអឺរ៉ុប ២គ្រាប់ និងទាត់ចូលក្រុមស៊ីម៉ាក់ ៣គ្រាប់ពីម្សិលមិញ។ ក្រៅពីកីឡាករ ២រូបខាងលើ ដែលជាដៃគូប្រជែងក្នុងតារាង Top Scorer គេសង្កេតឃើញកីឡាករមួយចំនួន ក៏តាមពីក្រោយដែរដូចជាកីឡាករ Tomoki Muramatsu របស់ខេមបូឌានថាយហ្គឺរ រកបាន ១១គ្រាប់ ខណៈកីឡាករKipson របស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេតអង្គរ រកបាន ៩គ្រាប់ស្មើគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ