ឥរិយាបថមិនគប្បីរបស់អ្នកគាំទ្រដែលសមល្មមនឹងផ្លាស់ប្តូរហើយ!

នូ មករា June 8, 2016


ភ្នំពេញ៖ ថ្វីត្បិតជំនួបជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវឆាយនីសតៃប៉ិបានបញ្ចប់ដោយរលូនជាមួយលទ្ធផលកម្ពុជាឈ្នះ ២-០ យប់មិញក៏ពិតមែន ប៉ុន្ដែមានបញ្ហាអវិជ្ជមានមួយចំនួនបានកើតឡើងដែលផ្ដើមចេញពីអ្នកគាំទ្រធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការិះគន់ពីមជ្ឈទូទៅជាមួយនឹងសកម្មភាពមួយចំនួនដែលមិនគួរនឹងកើតមានឡើង ដូចជាការផ្លោះរបង ពិសេសគឺការគប់ដបទឹកសុទ្ធ រហូតមានការវាយគ្នាថែមទៀតផង ។

សូមរំឮកថា មុនការប្រកួតដណ្ដើមកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup UAE 2019 ចាប់ផ្ដើម សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើការសំណូមពរយ៉ាងទទូចឲ្យអ្នកគាំទ្រចូលរួមទស្សនាប្រកបដោយសេចក្ដីថ្លៃថ្នូរ គោរពក្រមសីលធម៌និងបញ្ឈប់ការផ្លោះរបងចូលស្ដាត សម្រាប់អ្នកគ្មានសំបុត្រជាដើម ។

ការអំពាវនាវ បានធ្វើឡើងស្របពេលសហព័ន្ធមានបទពិសោធន៍ពេលកម្ពុជា ប្រកួតមិត្ដភាពជាមួយក្រុមទីម័រខាងកើតកាលពីចុងខែមុនកើតមានបញ្ហាអ្នកគាំទ្រផ្លោះរបង បណ្ដាលឲ្យអ្នកមានសំបុត្រក្នុងដៃរិះគន់សហព័ន្ធថារៀបចំមិនបានល្អ។ យ៉ាងណាមិញបើទោះបីសហព័ន្ធបានបន្ថែមកម្លាំង ដើម្បីការពារសុវត្ថិភាព និងបញ្ចៀសកុំឲ្យកើតមានបញ្ហាដដែលៗនេះក៏ដោយក៏អំឡុងពេលមុនចាប់ផ្តើមការប្រកួតរវាងកម្ពុជា និងឆាយនីសតៃប៉ិ គឺហាក់មិនបានផលឡើយ ដោយសារអ្នកគាំទ្រមួយចំនួនតូចមិនព្រមស្ដាប់ និងគោរពតាមការណែនាំព្រមទាំងការអំពាវនាវរបស់ថ្នាក់ដឹកនាំកីឡាឡើយ ។

13413912_835349389930349_648228950_n

ជាក់ស្ដែងមុនការប្រកួតឈានចូលមកដល់ មានអ្នកអត់សំបុត្រមួយចំនួនបានសម្រុកផ្លោះរបងចូលស្ដាត ដែលធ្វើឲ្យពហុកីឡដ្ឋានជាតិផ្ទុកអ្នកគាំទ្រលើសកំណត បើទោះបីជាសហព័ន្ធបានរៀបចំឱ្យមានការដាក់បញ្ចាំងស្លាយនៅក្រៅទីលានប្រកួតក្នុងបរិវេណពហុកីឡដ្ឋានជាតិក៏ដោយ។ ជាងនេះទៅទៀតបន្ទាប់ពីអ្នកគាំទ្រចូលកន្លែងអង្គុយស្ទើរពេញស្ដាតទៅហើយ ស្រាប់តែផ្ទុះហេតុការណ៍អ្នកគាំទ្រគប់ដបទឹកសុទ្ធទៅវិញទៅមកថែមទាំងមានការវាយតប់គ្នាថែមទៀតផង។

13407357_956345871148533_2010550833_n

យោងតាមសកម្មភាពនេះ អ្នកនិយមគាំទ្រ និងតាមដានវិស័យកីឡាជាតិ បានសម្ដែងការសោកស្ដាយ ចំពោះទង្វើរខាងលើដោយហេតុថាអំពើទាំងនេះ បានធ្វើឱ្យកិត្តិយសជាតិត្រូវអាប់ឱន ដោយសារថាបើទោះបីអ្នកគាំទ្រមានឆន្ទៈចង់លើកស្ទួយវិស័យកីឡាក៏ដោយប៉ុន្ដែការបំពាននឹងសេចក្ដីជូនដំណឹង និងការអំពាវនាវរបស់សហព័ន្ធ គឺបញ្ជាក់ថាអ្នកគាំទ្រនោះកំពុងតែរុញវិស័យកីឡាឲ្យធ្លាក់ចុះវិញ ដោយហេតុថា បើសិនមានបញ្ហាអ្វីកើតឡើងធ្ងន់ធ្ងរ សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ FIFA នឹងបើកការស៊ើបអង្កេត ហើយក៏អាចដកសិទ្ធិរៀបចំ ឬប្រកួតអន្ដរជាតិរបស់ក្រុមជម្រើសជាតិផងដែរ។

13414090_835349409930347_1272514353_n

ដូច្នេះហើយ សូមបណ្តាអ្នកគាំទ្រដែលបានប្រព្រឹត្តអំពើខុសឆ្គងនាពេលកន្លងមក មេត្តាពិចារណាឡើងវិញ ហើយព្យាយាមអនុវត្តទៅតាមការជូនដំណឹង និងបម្រាមរបស់គណៈកម្មការរៀបចំ ព្រោះថាទង្វើរបស់អ្នកអាចបង្កជាបញ្ហាដែលជះឥទ្ធិពលអាក្រក់ដល់វិស័យកីឡាជាតិ រួមទាំងមុខមាត់នៃប្រទេសកម្ពុជាផងដែរ។ បងប្អូនតែងតែលើកឡើងពីស្មារតីស្នេហាជាតិ ប៉ុន្តែសូមបង្ហាញនូវទង្វើជាក់ស្តែងពិតប្រាកដផង មិនមែនគ្រាន់តែពោលឱ្យផុតពីមាត់ ដើម្បីឱ្យគេសរសើរនៅក្នុងហ្វេសប៊ុកនោះទេ!

សូមចងចាំថា បើទោះបីជាមិនបានកសាងអ្វីឱ្យធំធេងដើម្បីជាប្រយោេជន៍ដល់ជាតិ ក៏សូមកុំបំផ្លាញ ឬបន្ទាបតម្លៃមាតុភូមិខ្លួនឯងតាមរយៈអំពើមិនគប្បីទៅតាមអារម្មណ៍នឹកឃើញ ដោយយកពាក្យជាតិនិយមមកការពារកំហុសរបស់ខ្លួននោះ ដោយហេតុថា កំហុសឆ្គងរបស់មនុស្សមួយក្រុមតូចអាចក្លាយជាភាពអាម៉ាស់សម្រាប់ប្រជាជាតិទាំងមូលបាន។

យើងខ្ញុំជឿជាក់ថា ជនជាតិខ្មែរគ្រប់ៗរូប តែងតែប្រាថ្នារស់នៅក្នុងភាពថ្លៃថ្មូរ ជៀសផុតពីការប្រមាថមាក់ងាយរបស់ជាតិសាសន៍ដទៃ ដូច្នះសូមអ្នកដែលធ្វើខុសកន្លងមកមេត្តាគិតឡើងវិញថា ដើម្បីឱ្យអ្នកដទៃអាចផ្តល់តម្លៃដល់យើងបាន លុះត្រាណាតែយើងជាម្ចាស់ប្រទេសត្រូវតែធ្វើខ្លួនឱ្យថ្លៃថ្នូរសម និងគេកោតសរសើរជាមុនសិន៕

13062044_841386112655369_332702236536932731_n

អត្ថបទ៖ លាង បុត្រា និង មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត