ធាក់កង់លើម៉ាស៊ីន កីឡាដែលងាយស្រួលហាត់ និងមានអត្ថប្រយោជន៍ខ្ពស់

នូ មករា May 20, 2016


ក្រៅពីការបរិភោគអាហារដែលប្រកបដោយជីវជាតិពេញលេញ និងការគេងសម្រាកឲ្យបានគ្រប់គ្រាន់ សកម្មភាពនៃការហាត់កីឡា គឺជាប្រភពមួយដ៏សំខាន់ចំពោះសុខភាពរបស់មនុស្សគ្រប់ៗរូប។ អ្វីដែលពិសេសនោះគឺការធ្វើកិច្ចការប្រចាំថ្ងៃនៅក្នុងផ្ទះក៏ត្រូវបានរាប់បញ្ចូលថាជាសកម្មភាពមួយដែលបានរួមចំណែកដល់ការពង្រឹងសុខភាពរបស់លោកអ្នកផងដែរ។ មួយវិញទៀតសម្រាប់ប្រិយមិត្តដែលមានភាពមមាញឹកក្នុងការបំពេញការងារប្រចាំថ្ងៃរហូតដល់គ្មានពេលហាត់កីឡានៅតាមទីសាធារណៈ ឬនៅតាមក្លឹបហាត់ប្រាណនោះ លោកអ្នកក៏អាចទទួលបានសុខភាពល្អតាមរយៈការហាត់ប្រាណនៅក្នុងផ្ទះរបស់ខ្លួនដោយគ្រាន់តែចំណាយពេលហាត់នៅលើម៉ាស៊ីនតែប៉ុណ្ណោះ។ ក្នុងចំណោមម៉ាស៊ីនដ៏ទំនើបៗទាំងនេះ ការធាក់កង់លើម៉ាស៊ីនគឺជាការហាត់ប្រាណមួយដែលនាំមកនូវអត្ថប្រយោជន៍ដ៏សម្បូរបែបមិនចាញ់ការជិះកង់ដោយផ្ទាល់ឡើយ។ សូមបញ្ជាក់ផងដែរថា ការធាក់កង់លើម៉ាស៊ីនគឺជាកីឡាមួយប្រភេទដែលហាត់តាមប្រព័ន្ធបច្ចេកទេសស្រាប់តែម្តង ដោយនៅក្នុងនោះការបញ្ជាល្បឿន និងការកំណត់ទិសដៅត្រូវបានធ្វើឡើងទៅតាមបច្ចេកទេសនៃប្រព័ន្ធស្វ័យប្រវត្ដិរបស់ម៉ាស៊ីនរួចជាស្រេច ដោយលោកអ្នកគ្រាន់តែជ្រើសរើសតាមការចង់បានតែប៉ុណ្ណោះ។ ប៉ុន្តែប្រការសំខាន់នោះគឺ លោកអ្នកត្រូវហាត់ធាក់កង់តាមល្បឿនផ្តើមពីតិច ឬ យឺតៗរហូតដល់ល្បឿនលឿនល្មមហើយនៅពេលចង់បញ្ឈប់ លោកអ្នកត្រូវឈប់ដោយសន្សឹមៗ ពោលគឺមិនអាចឈប់ដោយគំហុកភ្លាមៗបានទេ។
ជាការពិតណាស់កីឡាធាក់កង់លើម៉ាស៊ីនពិតជាមានភាពសមស្របសម្រាប់លោកអ្នកដែលរវល់នឹងការងារ ហើយមិនមានពេលវេលាទៅហាត់នៅខាងក្រៅផ្ទះ។ កីឡាប្រភេទនេះក៏ងាយក្នុងការអនុវត្ដ ដោយលោកអ្នកគ្រាន់តែយល់ដឹងពីរបៀបប្រើប្រាស់ម៉ាស៊ីន របៀបកំណត់ទម្ងន់់ដងខ្លួន ព្រមទាំងការកំណត់ពីចម្ងាយ ឬល្បឿនជាដើម។ ការហាត់លើឧបករណ៍ស្វ័យប្រវត្តិបែបនេះផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការវាស់កម្លាំងសកម្មភាពក្នុងពេលហាត់ព្រោះថាវាមានបង្ហាញស្រេចនៅលើអេក្រង់របស់ម៉ាស៊ីនតែម្តង។ យ៉ាងណាក៏ដោយប្រសិនបើលោកអ្នកចង់ទទួលបានការហ្វឹកហាត់មួយប្រកបដោយស្តង់ដា ឬតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវនោះ លោកអ្នកអាចស្វែងរកក្លឹបហាត់ប្រាណណាមួយដែលមានអ្នកជំនាញចាំចង្អុលបង្ហាញ ឬអាចរីករាយជាមួយមិត្តភក្តិ ឬហាត់ជាលក្ខណៈគ្រួសារ (Spinning) ក៏បានដើម្បីទទួលបានភាពរីករាយបន្ថែមទៀត។

spinning
របៀបហាត់
ជាដំបូងលោកអ្នកត្រូវឆ្លងកាត់ការកម្ដៅសាច់ដុំជាមុនសិន ដោយហាត់ពត់ខ្លួនប្រាណ ឬពត់ដៃពត់ជើងឲ្យបានចំនួន ៣ ទៅ ៥នាទី មុននឹងឡើងលើម៉ាស៊ីនធាក់កង់។ ការអនុវត្ដន៍បែបនេះអាចជួយឲ្យអ្នកជៀសផុតពីការរមួលក្រពើ ធ្វើឲ្យសាច់ដុំឆាប់ក្ដៅ និងចៀសវាងការរលាកសាច់ដុំផងដែរ។

leg_flexor_0092_eb_2220

សម្រាប់អ្នកដែលទើបតែហាត់ដំបូង គួរធាក់កង់ម៉ាស៊ីនចំនួន ១៥នាទីបានហើយ។ ការហាត់នេះផងដែរ លោកអ្នកគួរជ្រើសរើសសម្ភារៈចាំបាច់មួយចំនួនដូចជាស្បែកជើងកីឡាដែលមានខ្យល់ចេញចូល ខោអាវកីឡាដែលអាចសម្រួលឲ្យការហាត់បានទទួលលទ្ធផលល្អ និងមិនធ្វើអោយឈឺចាប់ក្បាលជង្គង់ ឈឺភ្លៅ ឈឺកំភួនជើង ឬឈឺបាតជើងជាដើម។ នៅថ្ងៃបន្ទាប់ លោកអ្នកអាចធាក់កង់លើម៉ាស៊ីនឲ្យបាន ២០ ទៅ ៣០នាទី។ ការចាប់ផ្ដើមដំបូងត្រូវធាក់កង់ដោយល្បឿនតិចៗ រួចទើបបន្ថែមល្បឿនជាសន្សឹមៗ ហើយពេលបញ្ឈប់ត្រូវបន្ថយល្បឿនមកយឺតៗវិញ។ សូមចងចាំថា លោកអ្នកមិនត្រូវឈប់ដោយល្បឿនលឿនភ្លាមៗទេ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ចលនាបេះដូងបាន។

k2-_94e1fd85-fb24-4dd7-b997-bb32ce3f914e.v2
សម្រាប់ការហាត់ធាក់កង់បែបនេះ លោកអ្នកអាចចាប់ផ្ដើមពីអាយុ ១០ឆ្នាំឡើងទៅព្រោះបើចាប់ផ្តើមហាត់ក្នុងអាយុក្មេងពេកអាចមានផលវិបាកច្រើន ជាពិសេសប៉ះពាល់ដល់ការលូតលាស់នៃរាងកាយរបស់កុមារបាន។ ដោយឡែកសារៈសំខាន់មួយទៀតនោះគឺសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ពេលវេលាសមស្របបំផុតសម្រាប់ការហាត់គឺគួរចាប់ផ្តើមពីពេលក្រោកពីដំណេកក្នុងពេលដែលពោះទទេ (មិនទាន់ទទួលទានអាហារពេលព្រឹក) ព្រោះវេលានេះអាចជួយឲ្យស្រកទម្ងន់បានលឿន។
ការធាក់កង់លើម៉ាស៊ីន ក៏បានផ្តល់នូវអត្ថប្រយោជន៍មិនខុសគ្នាពីការធាក់កង់ដោយផ្ទាល់ឡើយពោលគឺវានឹងជួយឲ្យលោកអ្នក អាចដកដង្ហើមបានស្រួល ជាហេតុធ្វើឲ្យសួតដើរបានល្អ ជួយសម្រកក្បាលពោះ ឬសម្រកទម្ងន់ ធ្វើឲ្យចលនាបេះដូងរត់បានល្អ សម្រកខ្លាញ់ក្នុងបេះដូង ធ្វើឲ្យឲ្យរូបរាងសមសួន កម្លាំងជើងខ្លាំង សម្រកសាច់ភ្លៅ និងកំភួនជើងជាដើម។ យ៉ាងណាក៏ដោយទន្ទឹមនឹងការហាត់ប្រាណបែបនេះលោកអ្នកក៏ត្រូវគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវផងដែរ។ ជាការប្រសើរលោកអ្នកក៏មិនត្រូវហាត់ក្នុងរយៈពេលយូរពេកដែរ (ការហាត់ត្រឹមរយៈពេលមួយម៉ោងក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ) ហើយសម្រាប់អ្នកដែលមានរូបរាងធាត់ខ្លាំងក៏មិនគួរធាក់ដោយដាក់ល្បឿនលឿនពេកនោះទេ ព្រោះអាចប៉ះពាល់ដល់ចលនាបេះដូង ឬអាចធ្វើឲ្យស្ទះដើមទ្រូង ក្រោយពេលហាត់បាន៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត