កីឡាហាប់គីដូ ផ្លាស់ប្តូរជីវិត លោក គង់ ចាន់ធីណា ឱ្យក្លាយជាអ្នកយុទ្ធគុនដ៏ចំណានមួយរូបនៅកម្ពុជា
នូ មករា June 27, 2019
ភ្នំពេញ៖ ផ្តើមចេញជីវភាពក្រខ្សត់ បានព្រឹកខ្វះ ល្ងាច ក្នុងគ្រួសារកសិករមួយនាខេត្តតាកែវ យុវជន គង់ ចាន់ធីណា បានផ្លាស់ប្ដូរជីវិតមករស់នៅក្នុងទីក្រុងភ្នំពេញដើម្បីរកប្រាក់ចិញ្ចឹមក្រពះ និងការបន្តការសិក្សាផងនោះ ក្រោយមកទៀត បុរសរូបនោះបានប្រែក្លាយខ្លួនឯងពីអ្នករុញរទេះលក់ទឹកសុទ្ធតាមជញ្ចើមថ្នល់ក្រោមកម្ដៅថ្ងៃផងភ្លៀងផងអស់រយៈពេលជិត ៤ ឆ្នាំ ដោយបានប្តូរមកក្លាយជាគ្រូបង្វឹកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូ ពោលគឺជាអ្នកយុទ្ធគុនដ៏ចំណានមួយរូបនៅកម្ពុជា ខណៈដែលប្រភេទក្បាច់គុនហាប់គីដូ ដែលជាប្រភេទកីឡាមួយមានប្រភពមកពីប្រទេសកូរ៉េខាងត្បូងនោះបានអូសទាញរូបលោកចេញពីភាពក្រខ្សត់ទៅជាមនុស្សម្នាក់ដែលមានរាងកាយមាំមួន និងអាចរកចំណូលដើម្បីចិញ្ចឹមគ្រួសារបានយ៉ាងសមរម្យ។
នាពេលបច្ចុប្បន្ន លោក គង់ ចាន់ធីណា មានអាយុ ៥០ឆ្នាំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយមានមុខរបរជាគ្រូបង្វឹកកីឡាហាប់គីដូ និងជាអគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូ ហើយមានភរិយាជាជាស្រ្តីមេផ្ទះដោយមានកូន៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ ហើយពួកគេសុទ្ធតែជាអ្នកហាត់កីឡានេះទាំងអស់។ គួររំលឹកថា លោកបានផ្លាស់លំនៅដ្ឋានពីខេត្តតាកែវមកនៅក្រុងភ្នំពេញកាលពីឆ្នាំ១៩៨៧ ដោយកាលជំនាន់នោះគ្រួសាររបស់លោកមានជីវភាពលំបាកណាស់ និងត្រូវបានអ៊ុំស្រីបង្កើតជួយឱ្យមានកន្លែងស្នាក់នៅ និងហូបចុក តែត្រូវជួយលក់ដូ អីវ៉ាន់ឱ្យគាត់វិញ ។ លុះនៅឆ្នាំ១៩៨៨ អ៊ុំស្រីរបស់លោកបានឱ្យលោកចាប់ផ្ដើមរកប្រាក់ចាយវាយនិងហូបខ្លួនឯង ដូច្នេះយុវជន ចាន់ធីណា បានសម្រេចចិត្តចាប់អាជីពជាអ្នករុញរទេះលក់ទឹកនៅតាមបរិវេណផ្សារទួលទំពូង និងតាមជញ្ចើមថ្នល់ខ្លះដើម្បីរកលុយរៀន និងទំនុកបម្រុងគ្រួសារផងដែរ។
លោកបានថ្លែងថា ការលក់ដូរនោះពិតជាមានការលំបាក ព្រោះត្រូវដើរលក់ទឹកផងឆ្លៀតរៀនផង ។ បន្ទាប់មកទៀត លោកបានស្គាល់យុវជនម្នាក់ដែលប្រករបរលក់ទឹកជាមួយគ្នា និងជាសិស្សកីឡាហាប់គីដូ និងបានណែនាំរូបលោកឱ្យចូលហ្វឹកហាត់កីឡាមួយនេះ ហើយនៅក្នុងអំឡុងពេលហាត់បានរយៈពេលជាង៥ទៅ៦ ខែ លោក គង់ ចាន់ធីណា ក៏ហាត់ឡើងដល់កម្រិតខ្សែក្រវាត់ខៀវ ហើយគ្រូបង្ហាត់បានប្រាប់ទៅកូនសិស្សគ្រប់គ្នាថា បើសិនជាអ្នកណាគេសម្លៀកបំពាក់មិនត្រឹមត្រូវនោះទេ លោកនឹងមិនឲ្យមកហាត់រៀនទៀតនោះទេ ប៉ុន្តែដោយសារតែ លោក ចាន់ធីណា មានចំណង់ចំណូលចិត្តខ្លាំងទៅលើប្រភេទកីឡានេះ លោកក៏ប្រឹងប្រែងរកប្រាក់ដើម្បីទិញសម្លៀកបំពាក់ដែលមានតំលៃប្រហែលពី ២០-៣០ដុល្លារឯណោះ។ លោកបានសង្កត់ធ្ងន់ថា នាសម័យនោះ ២០ទៅ៣០ដុល្លារគឺពិតជាថ្លៃណាស់ មិនដូចសម័យនេះទេ ម្យ៉ាងទៀត លោកលក់ក្នុង១ថ្ងៃបានច្រើនបំផុតគឺ១០ដុល្លារប៉ុណ្ណោះ ប៉ុន្តែលោកនៅតែមិនបោះបង់គោលដៅរបស់ខ្លួនឡើយ។
នៅទីបំផុត ក្នុងរយៈពេលហ្វឹកហាត់រហូតមកដល់ឆ្នាំ១៩៩០ទៅ១៩៩១ លោកទទួលការងារថ្មីគឺចូលខាងនគរបាលរបស់ក្រសួងមហាផ្ទៃ ហើយមានមិត្តរួមការងារមួយចំនួនបានដឹងបានលឺថា លោកចេះពីកីឡានេះក៏ឱ្យលោកជួយបង្រៀនកូនគេខ្លះ មិត្តភក្ដិខ្លះនៅតាមផ្ទះរៀងរាល់ថ្ងៃដែលធ្វើឱ្យលោកអាចទទួលបានចំណូល ជាហេតុធ្វើឱ្យជីវភាពរបស់លោកកាន់តែមានភាពប្រសើរឡើងបន្តិចម្ដងៗ។ រហូតមកដល់ឆ្នាំ២០០១ ជីវភាពក្រុមគ្រួសាររបស់លោកកាន់តែលូតលាស់ខ្លាំងៗទៅ ហើយការងារទៅបង្ហាត់នៅតាមផ្ទះនេះ បានបន្តរហូតតាំងពីពេលចូលបម្រើការជានគរបាលដល់បច្ចុប្បន្ននេះ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានវត្តមានបង្ហាត់នៅតាមបណ្តាក្លឹបកីឡាហាប់គីដូជាច្រើនទៀតផងនៅក្នុងរាជធានីភ្នំពេញផងដែរ ខណៈពេលថ្មីៗកន្លងទៅនេះគឺសហព័ន្ធទទួលបានទីលានស្ដង់ដាអន្តរជាតិមួយដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិ ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ។
អ្នកស្រី ស្ដើង សំរិទ្ធ ភរិយា លោក ចាន់ធីណា បានមានប្រសាសន៍ដែរថា៖ «កាលដំបូងឡើយ ខ្ញុំក៏ធ្លាប់ខឹងនឹងគាត់ដែរព្រោះកាលណោះ ជីវភាពខ្វះខាតច្រើនហើយគាត់នៅតែបន្តហាត់កីឡាទៀតទាំងមិនបានចំណូលមានតែត្រូវចំណាយ ប៉ុន្តែដល់ពេលយូរទៅខ្ញុំគិតថា ការហាត់កីឡាក៏មានល្អចំពោះសុខភាពដែរជាជាងគាត់យកពេលទំនេរទៅធ្វើអ្វីផ្ដេផ្ដាស ម្យ៉ាងឃើញគាត់ស្រឡាញ់ខ្លាំងទៀតក៏បណ្តោយគាត់ទៅ តែខ្ញុំមិននឹកស្មានថា គាត់អាចរកចំណូលពីកីឡាបានទាល់តែសោះរហូតដល់ជីវភាពគ្រួសារខ្ញុំបានប្រសើរឡើងដល់សព្វថ្ងៃ»។
អ្នកស្រីបានបន្តថា ដោយសារតែកីឡានេះហើយ បានធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីអាចរស់បានដល់សព្វថ្ងៃដោយចាកចេញពីភាពក្រខ្សត់។ ជាងនេះទៅទៀត លោក គង់ ចាន់ធីណា បានរៀបរាប់ពី ការហាត់កីឡាហាប់គីដូថា កីឡានេះវាមានផលប្រយោជន៍មិនខុសពីកីឡាដទៃទៀតទេ គឺដើម្បីសុខភាពរាងកាយមាំមួន ថែមទាំងជាក្បាច់ការពារខ្លួនផងដែរ ។ លោកបានបញ្ជាក់ថា ក្បាច់គុនហាប់គីដូនេះ មានច្រើនស្នៀត ច្រើនរបៀប មានក្បាច់ប្រយុទ្ធ តែមានបទបញ្ជាមិនឲ្យប្រកួតមានការប្រយុទ្ធដាច់ខាតឡើយ នេះហើយជាសីលធម៌អប់រំចិត្តសាស្ត្រមនុស្សឲ្យចេះស្រឡាញ់គ្នា យោគយល់គ្នា ពោលគឺវាមានទាំងអត្ថន័យ ខ្លឹមសារ ផលប្រយោជន៍ សម្រាប់សុខភាព រួមមានក្បាច់ប្រយុទ្ធ ក្បាច់សម្លាប់ តែមានក្រមសីលធម៌មិនបៀតបៀនអ្នកដទៃឡើយ ៕
អត្ថបទ៖ ប៉ាវឡុងជីង