ឈិន ឈឿន កំណត់ទីតាំងរៀបចំកម្មវិធីសប្បុរសធម៌ តែត្រូវការជំនួយបន្ថែម!

នូ មករា January 30, 2019


ភ្នំពេញ៖ កីឡាករជម្រើសជាតិកម្ពុជា ឈិន ឈឿន រួមទាំងសមាជិកក្រុមយុវជន និងបាល់ទាត់ បានជ្រើសរើសទីតាំង សម្រាប់រៀបចំកម្មវិធីសប្បុរសធម៌ ស្ដីពីបាល់ទាត់ និងចែករំលែកនូវសម្ភារៈសិក្សាមួយចំនួនដល់កុមារក្រីក្រ និងខ្វះខាត រួចរាល់ហើយ គឺស្ថិតនៅសាលាបឋមសិក្សាអូអំបែង នាឃុំត្បែរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ប៉ុន្ដែដោយសារសម្ភារៈ សម្រាប់ផ្ដល់ជូនសិក្សានុសិស្សមានកំណត់ ក្រុមការងាររៀបចំកម្មវិធីនេះ កំពុងត្រូវការជំនួយបន្ថែមពីសប្បុរសជន ។

ឈិន ឈឿន បានឲ្យដឹងថា កម្មវិធីសប្បុរសធម៌នេះ នឹងកើតឡើង ក្រោយពិធីបុណ្យចូលឆ្នាំចិនឆាប់ៗខាងមុខ ។ ប៉ុន្ដែពេលនេះ ក្រុមការងារខ្លួន កំពុងត្រូវការជំនួយបន្ថែម ព្រោះសម្ភារៈ ដែលខ្លួនត្រៀមសម្រាប់ចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា អូអំបែង នៅមានកម្រិត ត្បិតពួកគេចង់ផ្ដល់នូវសម្ភារៈសមរម្យ ដើម្បីរួមចំណែកក្នុងការសិក្សារបស់សិស្សានុសិស្សឲ្យបានល្អប្រសើរ ។ ដូច្នេះ ឈិន ឈឿន បានអំពាវនាវដល់សប្បុរសជន ដែលមាបំណងចង់ចូលរួមជួយដល់កម្មវិធី អាចទាក់ទងមកខ្លួន និងក្រុមការងារខ្លួនបាន ។

ខ្សែបម្រើក្លឹបក្រសួងការពារជាតិ បានឲ្យដឹងថា សាលាបឋមសិក្សា អូអំបែង បច្ចុប្បន្នមានសិស្សសរុប ១២១នាក់ ចាប់ពីថ្នាក់ទីមត្តេយ្យ ដល់ថ្នាក់ទី៦ តែសាលា ក៏ដូចជាសិស្សានុសិស្សទាំងអស់ បច្ចុប្បន្នភាពមានការខ្វះខាតខ្លាំងនូវសម្ភារៈសិក្សា ដូចជាសៀវភៅ ប៊ិច ខ្មៅដៃ ដីស ក្តារឈ្មួន ជាពិសេសឯកសណ្ឋានសម្រាប់សិក្សា។ សិស្សានុសិស្សទាំងអស់ ភាគច្រើនជាកូនកំព្រា ក្រីក្រ ឪពុកម្តាយជាអ្នកទៅធ្វើការនៅប្រទេសថៃជាដើម ។ ដោយហេតុនេះ ឈិន ឈឿន សង្ឃឹមថា នឹងមានការចូលរួមពីសប្បុរសជនបានច្រើន ដើម្បីរួមចំណែក និងផ្ដល់ឱកាសក្នុងការរៀនសូត្ររបស់ពួកគេឲ្យដល់ទិសដៅ ។

គួរបញ្ជាក់ថា កម្មវិធីនេះ ដឹកនាំដោយកីឡាករ ឈិន ឈឿន ហើយក៏មានកីឡាករមួយចំនួន ដូចរួមដែរ ដូចជាអ្នកចាំទី អ៊ុំ វិចិត្រ និងកីឡាករ ជ័យ ចិត្រា ជាដើម ។ ចំណែកសប្បុរសជន ដែលមានបំណងចង់ចូលរួមកម្មវិធីនេះ គឺអាចទាក់ទងតាមរយៈកីឡាករ ឈិន ឈឿន លេខទូរស័ព្ទ៖ 016950960, លោក ជុំ ពុទ្ធារ៉ា លេខទូរស័ព្ទ៖ 07822992 និងលោក ហុង ដារិទ្ធ លេខទូរស័ព្ទ៖ 010661469 ៕

រូបភាព៖ ឈិន ឈឿន
អត្ថបទ៖ បុត្រា

មតិយោបល់