សាំង សុខសេរី ធ្លាប់ហាត់ MMA មួយរយៈធំមុនក្លាយជាអ្នកចម្រៀងរ៉េបនៅកម្ពុជា

នូ មករា January 22, 2019


ភ្នំពេញ៖ ស្ថិតក្នុងវ័យ ២៦ឆ្នាំ កញ្ញា សាំង សុខសេរី ជាអ្នកចម្រៀងរ៉េបហ៊ីបហប និងជានារីដ៏កម្រដែលចូលចិត្ដលេងស្ទីលហ៊ីបហបប្លែកពីគេនោះបានម្លាយអាថ៌កំបាំងរបស់ខ្លួនដែលបានជំរុញធ្វើឱ្យនាងក្លាហានរហូតក្លាយជាអ្នកចម្រៀងរ៉េបល្បីមួយរូបនៅកម្ពុជា ទាំងដែលខ្លួននាងផ្ទាល់មានអតីតភាពជាក្មេងមិនសូវចេះមាត់ក និងខ្លាចគេបំផុតក្តី រហូតជម្នះចិត្តក្លាយជាអ្នកចំរៀងរ៉េបស្រីដែលកំពុងមានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសិល្បៈនៅកម្ពុជាដោយសារនាងមានវត្តមានសម្តែងសឹងគ្រប់ទីកន្លែង។

 

សុខសេរី បានឱ្យដឹងថា កាលពីក្មេងៗនាងធ្លាប់ត្រូវគេធ្វើបាប ដូច្នេះនាងមិនសូវជាហ៊ានជាមួយគេទេ ប៉ុន្តែនាងមានអារម្មណ៍ថា ចាប់តាំងពីបានហាត់ក្បាច់គុនមក វាបានផ្តល់ភាពវិជ្ជមានច្រើនដល់ផ្នែកស្មារតី និងរាងកាយរបស់នាង។ «ហាត់ក្បាច់គុនបានផ្លាស់ប្តូរខ្ញុំខ្លាំងមែនទែន! កាលនៅក្មេងខ្ញុំខ្សោយណាស់ អ៊ីចឹងក្មេងដ៏ទៃគេធ្វើបាបខ្ញុំ តែឥឡូវ គ្មានអ្នកណាហ៊ានទេ!» សាំង សុខសេរី ថ្លែងបញ្ជាក់។

អ្នកចម្រៀងរូបនេះបានរំលឹកថា ក្បាច់គុនបានជួយបង្កើនជំនឿចិត្តនាងច្រើនហើយនាងចង់ណែនាំមិត្តនារីៗទាំងឡាយឲ្យហាត់រៀនដូចគ្នា។ កញ្ញាបានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ថាខ្លាំងជាងមុន ហើយចេះស្នៀតការពារខ្លួនទៀត អ៊ីចឹងវាធ្វើឲ្យខ្ញុំមានជំនឿចិត្តខ្ពស់! ជាធម្មតាយើងដូចជាអត់ត្រូវប្រើកម្លាំងច្រើនទេ ប៉ុន្តែត្រូវចេះប្រើស្នៀតដើម្បីការពារខ្លួនយើងពេលយើងស្លន់ស្លោ!» ។ នាងបានបន្ថែមថា៖ «ខ្ញុំគិតថាក្បាច់គុនគឺល្អណាស់ ពីព្រោះស្រីៗខ្លះពូកែភ័យខ្លាចច្រើន ដូច្នេះក្បាច់គុនអាចជួយឲ្យគាត់ហ៊ាន និងបាត់ភ័យខ្លាច»។

សូមបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានស្ត្រីខ្មែរជាច្រើនរូបចាប់ផ្តើមមានឈ្មោះបោះសំឡេងក្នុងវិស័យកីឡាក្នុងនោះមានដូចជា កញ្ញា ឯម សុវណ្ណារី ដែលបានបញ្ចេញថ្វីដៃកក្រើកសង្វៀន ONE Championship ក៏ដូចជាកីឡាការិនី នៅ ស្រីពៅ ដែលថ្មីៗនេះទើបបានពានរង្វាន់ «អ្នកប្រដាល់ស្រីប្រចាំឆ្នាំ» ពីកម្មវិធី Lethwei World Championship ជាដើម៕


អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់