កីឡាការិនីល្បុក្កតោ សំ ថារ័ត្ន រៀបរាប់ដំណើររឿងជួបស្តេចប្រដាល់ហ្វីលីពីន Pacquiao

នូ មករា January 14, 2019


សហរដ្ឋអាមេរិគ៖ កីឡាការិនីល្បុកក្តោ សំ ថារ័ត្ន ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិគក្នុងបេសកកម្មផ្សព្វផ្សាយខ្សែភាគយន្ត “Surviving Bokator” នោះបានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំង ខណៈដែលរូបនាងមានឱកាសបានចូលជួប និងទទួលទានអាហាររួមគ្នានៅគេហដ្ឋានរបស់ស្តេចប្រដាល់ហ្វីលីពីន ​Pacquiao ខណៈដែលកីឡាករកម្រិតពិភពលោកនេះបានធ្វើដំណើរទៅសហរដ្ឋអាមេរិគដំណាលគ្នាដែរនោះ។

យ៉ាងណាក៏ដោយ កីឡាការិនីដែលមានជំនាញគុនខ្មែរ​ និង MMA ផងនោះ បានថ្លែងថា វាការចៃដន្យនិងមិននឹកស្មានដល់សម្រាប់រូបនាងដែលមានឱកាសបានប្រាស្រ័យទាក់ទង និងចំណាយពេលហ្វឹកហាត់រយៈពេលខ្លីជាមួយកីឡាករម្នាក់ដែលខ្លួនតែងចាត់ទុកជានិមិត្តរូបផ្ទាល់ខ្លួនផងនោះ។ “ដំបូងឡើយខ្ញុំមិនមានគម្រោងទេ ព្រោះថា ខ្ញុំមក Los Angeles នេះដើម្បីផ្សព្វផ្សាយកុន Surviving Bokator ប៉ុនណោះ ប៉ុន្តែដោយសារតែមានមិត្តចាស់ម្នាក់ឈ្មោះ Robert Lyons ដែលមានទំនាក់ទំនងជាមួយក្រុមការងារ លោក Pacquiao ផងនោះ ទើបលោកបានបបួលខ្ញុំឱ្យទៅលេងតែម្តង!” ថារ័ត្ន បានថ្លែងបែបនេះ។

“ឱកាសនេះខ្ញុំមិនមានច្រើនទេ ព្រោះ លោក Pacquiao ត្រូវមកហាត់ត្រៀមឡើងសង្វៀនថ្ងៃទី១៩ ចំណែកខ្ញុំមិនបាននៅគាំទ្រគាត់ទេ ព្រោះត្រលប់ទៅស្រុកខ្មែរវិញ ប៉ុន្តែខ្ញុំមានកិត្តិយសមែនទែនដោយបានគាត់ហៅទៅចូលរួមរត់ហាត់ប្រាណ និងហ្វឹកហាត់ជាមួយនៅថ្ងៃស្អែកឡើង។ ខ្ញុំក៏មិនភ្លេចអរគុណចំពោះ លោក Robert Lyons ដែលបានជ្រោមជ្រែងខ្ញុំគ្រប់បែបយ៉ាង មិនត្រឹមតែប៉ុនណោះ លោកក៏មានមនុស្សដែលមានសណ្តានចិត្តដ៏សប្បុរសដោយធ្លាប់ជួយក្មេងៗរើសសំរាមនៅស្ទឹងមានជ័យបានមករៀនសូត្រនៅអាមេរិគនេះថែមទៀតផង!”

សូមបញ្ជាក់ដែរថា កីឡាការិនី សំ ថារ័ត្ន បានចាកចេញពី Los Angeles មកកម្ពុជាវិញកាលពីថ្ងៃទី១៣ ខែមករា និងត្រលប់មកដល់មាតុភូមវិញនាថ្ងៃទី១៥ ខាងមុខនេះ៕
អត្ថបទ៖ មករា

មតិយោបល់