គួរឱ្យរីករាយ! ព្រឹត្តិការណ៍ «ថ្មើរជើងប្រវត្តិសាស្ត្រលើកដំបូង» មានអ្នកចូលរួមលើសចំនួនកំណត់!

នូ មករា January 5, 2019


ឧត្តរមានជ័យ៖ ព្រឹត្តិការណ៍ប្រកួតកីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» ដែលជាប្រភេទកីឡានិងទេសចរណ៍នោះបានចាប់ផ្ដើមមាននៅទឹកដីកម្ពុជាហើយកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នេះដោយមានអត្តពលិក និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិប្រមាណជាង ១៣០០នាក់ចូលរួមនៅលើជួរភ្នំដងរ៉ែកក្នុងស្រុងអន្លង់វែង ខេត្តឧត្តរមានជ័យ។


បើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាមទូរស័ព្ទបានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាថ្មីមួយឈ្មោះថា «ថ្មើរជើងប្រវត្តិសាស្ត្រ» ត្រូវបានក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), រដ្ឋបាលខេត្តឧត្តរមានជ័យ, សាលាស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា រួមគ្នាបង្កើតឲ្យមានឡើងជាលើកដំបូងនៅកម្ពុជាដើម្បីជាការចាប់ផ្តើមថ្មីសម្រាប់ស្រុកអន្លង់វែងក្នុងគោលបំណងគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម។

លោកបានបន្តថា៖ “ព្រឹត្តិការណ៍នេះពិតជាជោគជ័យខ្លាំងណាស់សម្រាប់លើកដំបូងនេះដោយយើងមិននឹកស្មានថាមានអ្នកចូលរួមច្រើនលើសការរំពឹងទុរហូតទៅដល់១៣០០នាក់ជាង ដោយក្នុងនោះមានអ្នកដើរថ្នើរជើងឡើងភ្នំ ៦០០នាក់ សិស្សានុសិស្ស និងប្រជាពលរដ្ឋថៃជាង២០០នាក់ ព្រមទាំងអ្នកសារព័ត៌មាននិង ទូរទស្សន៍ល្បីៗរបស់ប្រទេសថៃចូលរួមផងដែរ ខណៈដែលយើងរំពឹងមានត្រឹមតែ១០០០នាក់ជាងប៉ុណ្ណោះ។”

លោកបានបន្ថែមថា៖ “នេះជាព្រឹត្តិការណ៍បែបទេសចរណ៍ដែលមានគោលបំណងសំខាន់ ៣ គឺទី១ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចាប់អារម្មណ៍ តំបន់ប្រវត្តិសាស្ត្រដែលជាតំបន់បញ្ចប់សង្គ្រាមចុងក្រោយរបស់ខ្មែរក្រហមដើម្បីដឹងពីអត្ថន័យពិតនៃការរស់នៅរបស់ខ្មែរក្រហមនៅលើភ្នំដងរែក និងមូលហេតុចម្បងដែលនាំឲ្យខ្មែរក្រហមបែកបាក់គ្នា និងត្រូវបានផ្តួលរំលំ។ ទី២ យើងចង់អប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសម័យកាលដ៏ខ្មៅងងឹតនៃសោកនាដកម្មសម័យប៉ុល ពត ហើយរំឭកឲ្យពួកគាត់ឲ្យរួមគ្នាការពារទឹកដី សន្តិភាព ចៀសវាងអំពើអាក្រក់ និងប្រល័យពូជសាសន៍។”

លោកបានបញ្ជាក់ទៀតថា៖ “រីឯទី៣ គឺយើងចង់ឲ្យតំបន់ទល់ដែនក្លាយទៅជាតំបន់អ៊ូអរដើម្បីជាការលើកទឹកចិត្តដល់អ្នករស់នៅទល់ដែនអភិវឌ្ឍន៍នៅទល់ដែន និងឲ្យពួកគាត់មើលឃើញពីសក្តានុពលនៃវិស័យសេដ្ឋកិច្ចក៏ដូចជាទេសចរណ៍ និងវិស័យការពារផ្សេងៗទៀត ជាពិសេសធ្វើឲ្យបរទេសដឹងថាទីតាំងភ្នំដងរែកជាដែនដីរបស់ខ្មែរគឺមិនមែនជាតំបន់សនោះទេ៕”


អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់