លោកឧកញ៉ា ឬទ្ធី សំណាង ចាត់ទុកបាល់ទាត់ ជាផ្នែកមួយនៃការអប់រំក្រៅពីការប្រកួតប្រជែងលើទីលាន!

នូ មករា October 31, 2018


ភ្នំពេញ៖ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចាត់ទុកវិស័យបាល់ទាត់ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអប់រំដល់យុវជន-យុវនារី ក្រៅពីការប្រកួតប្រជែងលើទីលាន ។ ការលើកឡើងនេះ បានធ្វើក្នុងកម្មវិធី Football Clinic និងកម្មវិធីសង្គម ក្រោមពាក្យស្លោក “រួមគ្នាដើម្បីបរិស្ថាន” នៅខេត្តព្រះសីហនុ កាលពីដើមសប្ដាហ៍កន្លងទៅ ។

កម្មវិធីនេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ជាក់ស្ដែងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថានជាដើម ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តជាប់មាត់សមុត្រ ក៏បានថ្លែងអំណរគុណ ចំពោះក្លឹបភ្នំពេញក្រោន ដែលបង្កើតឲ្យមានកម្មវិធី Football Clinic នេះឡើង ដើម្បីបំផុសយុវជនចូលរួមលេងកីឡា និងចូលរួមថែរក្សាបរិស្ថានផងដែរ ។

ឆ្លៀតក្នុងឱកាសនោះលោកឧកញ៉ា ឬទ្ធី សំណាង បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា បាល់ទាត់ មិនមែនត្រឹមតែជាការប្រកួតប្រជែងលើទីលានមួយមុខនោះទេ តែយើងអាចប្រើប្រាស់វា ដោយផ្សារភ្ជាប់ជាមួយយុវជន និងយុវនារី ក្នុងសកម្មភាពអប់រំផងដែរ ។ នេះគឺជាជំហានសំខាន់មួយ ដើម្បីរួមគ្នា អភិវឌ្ឍន៍សកម្មភាពអប់រំដល់ក្មេងៗក្នុងសង្គម ទាំងក្នុងសាលា ក៏ដូចជាសកម្មភាពអប់រំក្រៅសាលា ។ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងចងចាំសកម្មភាពបាល់ទាត់ និងការអប់រំនេះ ដើម្បីជួយឲ្យពួកយើងមានការយល់ដឹងកាន់តែច្រើន ការជួយការពារបរិស្ថាន និងបង្កើតឲ្យមានធនធានមនុស្ស និងភាពរីកចម្រើនកាន់ខ្លាំងនាថ្ងៃអនាគត» ។

គួរបញ្ជាក់ថា បេសកកម្មរបស់ក្លឹបភ្នំពេញក្រោន នៅលើទឹកដីខេត្តព្រះសីហនុ ក្រោយបញ្ចប់យុទ្ធនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ រួមមានការធ្វើកម្មវិធី Football Clinic នៅសាលារៀនបច្ចេកទេសដុនបូស្កូ និងវិទ្យាល័យកោះស្ដេច ការផ្ដល់នូវគំរូល្អៗក្នុងការថែរក្សាបរិស្ថាន តាមរយៈការនាំក្មេងៗ រើសសំរាមសម្អាតឆ្នេរអូត្រះ និងដាំដើមឈើអនុស្សាវរីយ៍ ក៏ដូចជាការផ្ដល់សម្ភារៈសិក្សា និងសម្ភារៈកីឡា ដល់យុវជន ដែលបានចូលរួមកម្មវិធីរបស់ក្លឹបជាដើម ។ មិនតែប៉ុណ្ណោះ ក្លឹបក៏បានផ្ដល់នូវធុងសំរាមចំនួន ១០០ធុងដល់សាលាខេត្តព្រះសីហនុផងដែរ ។

ដោយឡែកចំពោះកម្មវិធីខាងលើ ក្លឹបភ្នំពេញក្រោន បានទទួលការឧបត្ថម្ភពីក្រុមហ៊ុនដូចជា៖ Pi Pay, Waste Management (ក្រុមហ៊ុនសម្អាត និងប្រមូលសំរាមក្នុងខេត្តព្រះសីហនុ), Xihu Resort Hotel, JC International Airline, Nanhai Pearl Hotel Apartment, Pocari Sweat និងក្រុម Golden Sun Sky Entertainment Co, Ltd ជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់