ម្ចាស់ស្រោមដៃមាសពានសម្តេចហេង សំរិន ប្រាថ្នាចង់លេងក្នុងលីគអាជីព និងជម្រើសជាតិ!

នូ មករា October 22, 2018


ភ្នំពេញ៖ យុវជន ហាញ់ មាន អ្នកចាំទីក្រុមថ្នាលយុវជនអាយុក្រោម ១៧ឆ្នាំភ្នំពេញក្រោន និងជាសមាជិកក្រុមអាណាចក្របៃតងដែលជាក្រុមជើងឯកនៃព្រឹត្តិការណ៍ពានសម្តេចអគ្គមហាពញាចក្រីហេង សំរិន ឆ្នាំ២០១៨ បានបង្ហើបពីមហិច្ឆតាចង់ក្លាយជាកីឡាករអាជីពទាំងក្នុងលីគ ក៏ដូចជាទាំងក្នុងក្រុមជម្រើសជាតិនាពេលអនាគតបន្ទាប់ពីរូបគេទើបតែទទួលបានពានរង្វាន់ស្រោមដៃមាសជាអ្នកចាំទីឆ្នើមប្រចាំការប្រកួតខាងលើរួចមក ។

កីឡាករវ័យក្មេងរូបនេះបានថ្លែងថា៖ “ខ្ញុំពិតជាមានក្តីរីករាយដែលបានឈ្នះរង្វាន់ជាលើកដំបូងបែបនេះ ព្រោះវាជាក្តីប្រាថ្នាមួយរបស់ខ្ញុំតាំងពីចាប់ផ្តើមចូលលេងបាល់ដំបូងមកម្ល៉េះ! ជាពិសេសវាបានផ្តល់កម្លាំងចិត្តដល់ខ្ញុំឱ្យខិតខំបន្ថែមទៀតដើម្បីក្លាយជាកីឡាករអាជីពទៅថ្ងៃមុខ ។​” រូបគេបានបន្ថែមថា៖ “តាំងពីបានចូលរួមជាមួយភ្នំពេញក្រោនក្នុងឆ្នាំ២០១៧មក ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន ប៉ុន្តែខ្ញុំមិនសូវជាបានបង្ហាញខ្លួនក្នុងការប្រកួតធំៗទេ ដូចនេះ ទើបខ្ញុំសម្រេចចិត្តចូលរួមលេងជាមួយក្រុមអាណាចក្របៃតង បន្ទាប់ពីអ្នកចាត់ការក្រុមបានទាក់ទងខ្ញុំរួចមក ព្រោះវាអាចជួយឱ្យយើងមិនធ្លាក់ដៃ និងមិនភិតភ័យពេលលេងក្នុងការប្រកួតធំៗផ្សេងទៀត​ ។”

យុវសិស្សនៃវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មីរូបនេះបានលើកឡើងថា៖ “ការឈ្នះពានជាលើកទី១នេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំមានបំណងក្លាយជាអ្នកចាំទីល្បីនៅក្នុងស្រុក ពិសេសចង់ជាប់លេងនៅក្នុងក្រុមឈុតធំភ្នំពេញក្រោនតែម្តង ហើយប្រសិនបើអាចសម្រេចបំណងនេះមែន ខ្ញុំនឹងលត់ដំខ្លួនដើម្បីឆ្ពោះទៅកាន់ក្រុមជម្រើសជាតិបន្តទៀត!”។ សូមបញ្ជាក់ថា ហាញ់ មាន បានចូលរួមហ្វឹកហាត់ដំបូងនៅវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មីកាលពីឆ្នាំ២០១៤ រួចបានប្តូរមកហាត់ជាមួយក្រុមសហមន៍ភ្នំពេញក្រោនក្នុងឆ្នាំ២០១៧  បន្ទាប់មកត្រូវបានជ្រើសរើសបញ្ចូលក្នុងក្រុមអេលីតក្រោយពីបានជាប់ការធ្វើតេស្តសាកល្បងរួចមកមុននឹងបន្តឡើងមកលេងក្នុងក្រុមថ្នាលយុវជនរបស់ក្លឹបនាពេលបច្ចុប្បន្ននេះ​​ ៕

អត្ថបទ៖ មករា

មតិយោបល់