ហួត គីមហុង បង្ហើបឧបសគ្គ ៣ លើទឹកដីអាម៉េរិគ ប៉ុន្តែតាំងចិត្តជម្នះដើម្បីអនាគត!

នូ មករា September 20, 2018


ភ្នំពេញ៖ បន្ទាប់ពីទទួលបានអាហារូបករណ៍ទៅសិក្សាជាមួយសាលា Bryant and Stratton College នៃសហរដ្ឋអាមេរិគ និងបន្ដអាជីពបាល់ទាត់ ដោយលេងឲ្យក្រុមសាលាស្ថិតនៅទីក្រុងញូយ៉កមួយនេះ ហួត គីមហុង បានទទួលការចាប់អារម្មណ៍ជាខ្លាំង ពិសេសក្រោយនាងរកបាន ២គ្រាប់ឲ្យសាលាខ្លួនកំពុងសិក្សាតែម្ដង ។

ទន្ទឹមជាមួយគ្នា គីមហុង ក៏បានបង្ហើបឲ្យដឹងនូវឧបសគ្គមួយចំនួន ក្នុងការចេញទៅសិក្សា និងបន្ដអាជីពក្រៅស្រុកដ៏សែនឆ្ងាយនេះផងដែរ ។ សមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោន និងជាប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះ បានឲ្យដឹងពីសហរដ្ឋអាមេរិកថា ទាំងការសិក្សា និងការលេងបាល់ទាត់ គឺបែងចែកពេលវេលាដាច់ពីគ្នា មិនប៉ះពាល់គ្នានោះទេ ប៉ុន្ដែអ្វីដែលជាឧបសគ្គ រួមមានម្ហូបអាហារ កាយសម្បទា និងភាសាបរទេស ដែលធ្វើឲ្យខ្លួនជួបការលំបាក ។

យ៉ាងណាក៏ដោយ ហួត គីមហុង បានប្ដេជ្ញានឹងជម្នះនូវឧបសគ្គទាំងនេះ ដើម្បីឈានទៅសម្រេចក្ដីស្រមៃរបស់ខ្លួននាពេលអនាគត ។ គីមហុង បាននិយាយថា៖ «ចំពោះរឿងម្ហូបអាហារ គឺជាបញ្ហាមួយ តែខ្ញុំនឹងព្យាយាមសម្របតាមរបៀបរស់នៅរបស់គេ ។ តែបញ្ហាបាល់ទាត់ ដោយសារខ្ញុំមានកាយសម្បទារៀងតូចជាងគេ ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងបាល់ តែបើនិយាយពីបច្ចេកទេសគ្រូបង្វឹកបានកោតសរសើរ ព្រោះមិនចាញ់ក៏ឡាការិនីដទៃនោះទេ ។ រីឯការសិក្សា ខ្ញុំមិនអាចចាប់បាន ១០០% ទេ ព្រោះការសិក្សាជាភាសាអង់គ្លេស ។ តែដោយសារនេះគឺជាឱកាសល្អ ខ្ញុំនឹងព្យាយាម ដើម្បីអនាគតរបស់ខ្ញុំ» ។

សូមបញ្ជាក់ថា គីមហុង បានចេញទៅសិក្សានៅសាលា Bryant and Stratton College នៅសហរដ្ឋអាមេរិគ កាលពីខែមុន ក្រោមការជួយជ្រោមជ្រែងរបស់គ្រួសារលោក Rick Beat និងមានការជំរុញបន្ថែមពីលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ។ បច្ចុប្បន្នក្រៅពីសិក្សា នាងក៏ជាសមាជិកក្រុមតំណាងសាកលវិទ្យាល័យខ្លួនកំពុងសិក្សា ចូលរួមប្រកួតពានរង្វាន់ USCAA league ហើយក៏រកបាន ២គ្រាប់ សម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួត ៣លើកផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់