ព្រោះតែកំហឹង និងការបង្អាប់ពីអ្នកដទៃធ្វើឲ្យ ហេង ចំណាន ក្លាយជាជើងខ្លាំងកីឡាអុកចិន!

នូ មករា September 14, 2018


ភ្នំពេញ៖  កីឡាករ ហេង ចំណាន ជ័យលាភីនៃការប្រកួតវិញ្ញាសាអុកលឿនចិនកម្រិតពិភពលោកដែលបានធ្វើឡើងនៅទីក្រុងឈឹងទូ ខេត្តសុីឈួន ប្រទេសចិន បានថ្លែងថា រូបគេបានក្លាយជាអ្នកនិយមកីឡាអុកចិនជាង ១០ឆ្នាំមកហើយប៉ុន្តែកាលដំបូងឡើយខ្លួនមិនមានទេពកោសល្យ ឬចំណាប់អារម្មណ៍សោះឡើយលើកីឡាមួយនេះ ។ កីឡាករដែលមានឈាមជ័រជាកូនចៅចិនរូបនេះបានបន្តថា អ្វីៗបានកើតឡើងដោយចៃដន្យ និងបានផ្លាស់ប្តូរជីវិតរបស់គេតែម្តង ។

ហេង ចំណាន  បានបញ្ជាក់ថា៖ «ខ្ញុំមិនដែលគិតថា ខ្លួនឯងចូលចិត្តកីឡាអុកនេះទេ វាពិតជាចៃដន្យមែន ព្រោះខ្ញុំចាប់ច្បាស់ថា កាលពីឆ្នាំ២០០២ ខ្ញុំតែងតែនាំមិត្តភក្តិទៅមើលការប្រកួតបាល់ទាត់ World Cup នៅតាមហាងកាហ្វេ ពេលនោះមានចាស់ៗគាត់ហៅខ្ញុំលេងអុកចិន​នេះ ហើយពួកគាត់តែងតែចំអន់ ឬបង្អាប់ខ្ញុំរាល់ពេលខ្ញុំលេងចាញ់ម្តងៗ ពេលនោះហើយដែលខ្ញុំចាប់ផ្តើមខឹងខ្លួនឯងដែលមិនចេះលេង និងអន់ចិត្ត ហើយប្តេជ្ញាថាត្រូវតែលេងឲ្យពូកែដើម្បីឈ្នះពួកគាត់វិញ! ការខិតខំរបស់ខ្ញុំក័៏បានសម្រេច ហើយវាបានជំរុញឲ្យខ្ញុំចូលចិត្ត និងចូលរួមជាកីឡាករតែម្តង។ »

ទន្ទឹមនឹងនេះដែរ ឧកញ៉ា លី ហួត ប្រធានសហព័ន្ធកីឡាអុកអន្តរជាតិកម្ពុជា បានថ្លែងថាលោកមានការកោតសរសើរចំពោះកីឡាករ ហេង ចំណាន  ពិសេសគេមានប្រឹងប្រែងជាប្រចាំមិិនដែលរុញរាហើយសូម្បីតែពេលទំនេរពីការងារក៏រូបគេតែងតែស្រាវជ្រាវតាមអុិនធើណេតដើម្បីពង្រឹងសមត្ថភាពរហូតទទួលបានជោគជ័យសម្រេចក្តីស្រមៃរបស់ខ្លួននាពេលនេះ ។

សូមបញ្ជាក់ថា កីឡាករ ហេង ចំណាន បានទទួល ១០ពិន្ទុពេញក្នុុងវិញ្ញសាអុកលឿនចិន បន្ទាប់បីបានផ្តួលដៃគូខ្លាំងៗមកពីអាល្លឺម៉ង់ដ៍ ម៉ាឡេសុី និងហ្វាំងឡង់ រួចមក ។ ចំណែកវិញ្ញសា ប្រកួតជាគូដែលបានចាប់ដៃគូជាមួយកីឡាករចិននោះបានទទួលចំណាត់ថ្នាក់លេខ ៦​ ។ គួរបញ្ជាក់ផងដែរថា ហេង ចំណាន ធ្លាប់ដណ្ដើមបានសមិទ្ធផលល្អៗជាច្រើនជូនជាតិ ពិសេសគឺធ្លាប់ឈ្នះមេដាយមាស កាលកម្ពុជាធ្វើម្ចាស់ផ្ទះកម្រិតអាស៊ាន ឆ្នាំ២០១៧ និងដណ្ដើមមេដាយសំរឹទ្ធ កាលពីខែមេដាយកន្លងទៅនៅប្រទេសថៃទៀតផង ចំណែកការប្រកួតកីឡា​អុក​ចិន​ជើងឯក​ពិភពលោក​នេះ រូបគេបានចូលរួមកាល​ពី​ឆ្នាំ២០១៧ ហើយឈ្នះបានចំណាត់ថ្នាក់លេខ​ ៤ ប៉ុណ្ណោះ  ។

ចំពោះប្រភេទកីឡាអុកពិភពលោកវិញ ត្រូវបានបែងចែកជា ៣ប្រភេទ រួមមានកីឡាអុកចត្រង្គ, អុកចិន និងអុកអន្ដរជាតិ ។ សម្រាប់ប្រទេសយើង អុកចិន និងអុកអន្តរជាតិស្ថិតនៅក្រោមសហព័ន្ធអុកអន្តរជាតិកម្ពុជា ប៉ុន្ដែកីឡាអុកចត្រង្គមានសហព័ន្ធផ្សេងមួយទៀតដោយឡែកពីគ្នា ៕

អត្ថបទ៖   មករា

 

មតិយោបល់