កំពូលអ្នកលេងស្នូកឃ័រដៃឯក ស្រួង ភាវី នឹងមកដល់មាតុភូមិកម្ពុជាយប់នេះ

នូ មករា June 26, 2018


ភ្នំពេញ៖ ក្រោយពីប្រឹងប្រែងប្រកួតដណ្ដើមមេដាយធំៗ នៅឆាកអន្តរជាតិក្នុងនាមតំណាងឱ្យកម្ពុជាអស់ជារយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកស្រី ស្រួង ភាវី កីឡាការិនីដៃឯកខាងកីឡាស្នូកឃ័រដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកូរ៉េតាំងពីឆ្នាំ២០១០មកនោះ ត្រូវបានកម្ពុជាកោះហៅចូលជាសមាជិកសហព័ន្ធហើយក៏នឹងត្រៀមខ្លួនជាជម្រើសជាតិតំណាងឱ្យកម្ពុជាផងដែរ។

កីឡាការិនីរូបនេះនឹងមកដល់ប្រទេសកម្ពុជានាវេលាម៉ោង ១០និង ៣០នាទីយប់នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការរៀបចំទទួលពីសំណាក់មន្ដ្រីថ្នាក់ដឹកនាំកីឡា និងសហព័ន្ធមួយចំនួន ។ សូមបញ្ជាក់ថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានមិនតិចជាង ២០ឡើយលើប្រភេទកីឡាស្នូកឃ័រ ។ ក្រោយមកអ្នកស្រីបានរៀបការជាមួយស្វាមីជាជនជាតិកូរ៉េ ហើយទៅរស់នៅកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ ។ មិនតែប៉ុណ្ណោះ កីឡាការិនីមានដើមកំណើតនៅខេត្តត្បូងឃ្មុំនេះថែមទាំងធ្លាប់ឈ្នះជើងឯករងពិភពលោកនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ទៀតផង ។

យ៉ាងណាក៏ដោយ ឆន្ទៈ និងទឹកចិត្តរបស់ ភាវី នៅតែដក់ជាប់នឹងប្រទេសកម្ពុជាដោយចង់លេងឲ្យកម្ពុជាជានិច្ច ទោះបីសាធារណៈរដ្ឋកូរ៉េចង់ឲ្យនាងចូលសញ្ជាតិ និងលេងឲ្យជម្រើសជាតិកូរ៉េជាមួយនឹងតម្លៃខ្លួនច្រើនយ៉ាងណាក៏ដោយ ។


សម្រាប់ការអញ្ជើញមកកាន់ប្រទេសកម្ពុជារបស់អ្នកស្រីលើកនេះ គឺដើម្បីបំពេញកូតាសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដែលត្រូវប្រកាសសុពលភាពបង្កើតសហព័ន្ធផ្លូវការ នាថ្ងៃទី២៩ ខែមិថុនាខាងមុខ គ្រាដែល ស្រួង ភាវី ត្រូវបានផ្ដល់ទំនុកចិត្តជាសមាជិកសហព័ន្ធផងដែរ ខណៈដែល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងអញ្ជើញចូលរួមផ្ទាល់ជាគណៈអធិបតីតែម្ដង។


គួបញ្ជាក់ផងដែរថា ចំពោះសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អាណត្តិទី១ ដែលត្រៀមប្រកាសសុពលភាពផ្លូវការក្នុងពេលឆាប់ៗខាងមុខវិញ រួមមានលោក ជុំ កុសល ជាប្រធាន, លោក ឌួង លាង ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាប្រធានស្ដីទី, លោកឧកញ៉ា សៅ វល័ក្ខណ៍ អនុប្រធាន, លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ, លោក សុខ ទី អគ្គហិរញ្ញិក, លោក យឺន ពន្លក អគ្គលេខាធិការរង, លោកមេធាវី ភិន ឈុនទៀង ទីប្រឹក្សាច្បាប់ ។ រីឯសមាជិកមាន ៦នាក់ រួមមានលោកស្រី ស្រួង ភាវី, លោក ឆាយ បញ្ញា, លោក នួន រតនៈ, លោក ជា វ៉ាន់សាន្ត, លោក សែម សុវ័ន និងលោក ភួង សំអុន ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់