UNESCO ស្នើរសុំកម្ពុជាលើកពេលការចុះបញ្ជីល្បុក្កតោនៅឆ្នាំ២០២០ វិញ!

នូ មករា June 13, 2018


ភ្នំពេញ៖ បន្ទាប់ពីអង្គការ UNESCO ដែលជាភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ បានបើកមើល និងពិនិត្យឯកសារកីឡាគុនល្បុក្កតោកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៨រួចមកនោះ អង្គការមួយនេះបានធ្វើការសុំទោសកម្ពុជា និងសម្រេចដាក់គុនល្បុក្កតោកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០ វិញ ។
តំណាងអង្គរការ UNESCO បានបង្ហើបថា សំណុំឯកសារគុនល្បុក្កតោរបស់កម្ពុជា បានបំពេញតាមទម្រង់បែបបទត្រឹមត្រូវអស់ហើយនៅឡើយតែការពិនិត្យព័ត៌មានបន្ថែមប៉ុណ្ណោះ ។ ត្រង់ចំណុចនេះ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកជាសញ្ញាណវិជ្ជមានមួយដែលភាគរយខ្ពស់គុនល្បុក្កតោកម្ពុជា គឺមានសង្ឃឹមបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។
លោកបានបន្តថា ក្រោយកម្ពុជាបញ្ជូនឯកសារគុនល្បុក្កតោកម្ពុជាដើម្បីស្នើរសុំចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីខែមីនា ឆ្នាំ២០១៧ មួយឆ្នាំក្រោយមក ពោលគឺនៅដើមខែមីនាឆ្នាំ២០១៨នេះ ទើបអង្គការ UNESCO បានបើកកញ្ចប់ឯកសារដើម្បីត្រួតពិនិត្យ ហើយក្រុមការងារអង្គរការអន្ដរជាតិនេះបានវាយតម្លៃខ្ពស់ចំពោះឯកសារគុនល្បុក្កតោកម្ពុជា  ប៉ុន្ដែដោយសារពួកគេចង់ផ្ដល់អាទិភាព និងត្រួតពិនិត្យឯកសារប្រទេសមិនទាន់មានការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផ្សេងទៀតសិន ទើបអង្គការ UNESCO សុំពន្យាពេលក្នុងបញ្ជូនឯកសារគុនល្បុក្កតោ ទៅក្រុមគណៈកម្មការជំនាញដើម្បីត្រៀមពិនិត្យ និងវាយតម្លៃចុងក្រោយពោលគឺពន្យាពេលពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០ ទើបដឹងលទ្ធផលពិតប្រាកដ ៕

 


អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់