កុមារកម្ពុជា ២រូបនឹងបំពេញតួនាទីជាទូតវ័យក្មេងក្នុងព្រឹត្តិការណ៍​ FIFA World Cup នៅរុស្សី

នូ មករា June 13, 2018


រុស្សី៖ កុមារាកម្ពុជា ២រូបគឺ សុខ មករា និង សេងគា សុខហេង កំពុងស្ថិតនៅប្រទេសរុស្សីដើម្បីចូលរួមកម្មវិធី Football for Friendship 2018 ក៏ដូចជានឹងចូលរួមទស្សនាពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Russia 2018 នៅទីក្រុងមូស្គូផងដែរ ។ សូមបញ្ជាក់ថា កុមារទាំង ២នេះនឹងបំពេញតួនាទីជាទូតវ័យក្មេងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគោលដៅកសាងចំណងមិត្តភាពរវាងកុមារលើពិភពលោក និងសន្តិភាព តាមរយៈការលេងបាល់ទាត់ដ៏ស្វាហាប់ និងស្រស់បំព្រង ។

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍បាល់ទាត់ដ៏ធំសម្បើម FIFA World Cup នឹងត្រូវប្រារព្ធធ្វើជាផ្លូវការនៅពហុកីឡដ្ឋាន Luzhniki ដែលមានមូលដ្ឋាននៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្សី ខណៈដែលក្រុមម្ចាស់ផ្ទះរុស្សុី នឹងត្រូវបើកឆាកដោយជួបក្រុមអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។ សម្រាប់ការប្រកួត FIFA World Cup លើកទី២១ នេះមាន ៣២ក្រុមចូលរួម និងត្រូវបែកចែងជា​ ៨ពូល ។ សម្រាប់ការប្រកួតវគ្គជម្រុះពូលនឹងដំណើរការទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨  ៕

អត្ថបទ៖ មករា

មតិយោបល់