សប្បាយទៀតហើយ! ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះមានអ្នកចូលរួមរត់កាន់តែច្រើន!

នូ មករា June 12, 2018


ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃទី១២ ខែមិថុនានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានប្រកាសថា គិតត្រឹមថ្ងៃនេះមានមហាជនទាំងជាតិ និងអន្តរជាតិ ជាង៣០០០នាក់ហើយដែលបានដាក់ពាក្យចូលរួមប្រកួត និងរត់កម្សាន្តនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនាថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ឆ្នាំនេះគឺមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់អារម្មណ៍រត់ចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ដែលខុសប្លែកកាលពីឆ្នាំមុនៗ ភាគច្រើនពលរដ្ឋខ្មែរ និយមរត់ចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ។

លោកបានបន្ដថា៖ «ប្រជាពលរដ្ឋខ្មែរឆ្នាំនេះប្លែកពីឆ្នាំមុនៗដែលនិយមរត់ ៣គីឡូម៉ែត្រ តែឆ្នាំនេះកើនឡើងខ្លាំងលើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត ដែលសរបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន និងសុខមាលភាពដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យកំណើនអ្នករត់ចម្ងាយឆ្ងាយទាំង ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រមានកានកើនឡើងច្រើន រហូតដល់ជាង ១,០០០នាក់ឯណោះក្នុងមួយវិញ្ញាសា» ។ ការអះអាងបែបនេះ ស្របពេលគណៈកម្មការរៀបចំ បានទទួលពាក្យចូលរួមជាបណ្ដោះអាសន្នជាង ៣,០០០នាក់ ក្នុងនោះមានជនបរទេសជាង ៦០០នាក់មកពី ៣៩ប្រទេស និងមានជាង ២,០០០នាក់ គឺជាពលរដ្ឋខ្មែរ ។ ព្រឹត្តិការណ៍អន្ដរជាតិប្រចាំឆ្នាំនេះ រៀបចំឡើង ក្នុងគោលបំណងសំខាន់បំផុត គឺដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់