អង្គរថាយហ្គឺរ ពង្រឹងសកម្មភាពអភិវឌ្ឍន៍កីឡាបាល់ទាត់នៅខេត្តសៀមរាប

នូ មករា June 5, 2018


សៀមរាប៖ យោងតាមការប្រកាសរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានឱ្យដឹងថា ក្លឹបដែលកសាងមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ទើបតែបានចុះអនុស្សារណៈយោគយល់គ្នាមួយជាមួយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាខេត្តសៀមរាប នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះក្នុងគោលដៅដើម្បីដោះដូរបទពិសោធន៏ និងចូលរួមអភិវឌ្ឍន៏វិស័យកីឡាតាមរយៈការផ្ដល់ឳកាសដល់យុវជន និងយុវនារីឱ្យកាន់តែយល់ច្បាស់ពីរចនាសម្ព័ន្ធនៃវិស័យកីឡាបាល់ទាត់នេះ ។

  

គួររំលឹកថា ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានផ្លាស់ប្ដូរមូលដ្ឋានរបស់ខ្លួនជាផ្លូវការទៅកាន់ទឹកដីអង្គរកាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅ ក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល និងជំនឿចិត្តជាមួយប្រជាជននៅខេត្តសៀមរាប ក៏ដូចជាបំពេញឱ្យត្រូវ ១០០ភាគរយទៅនឹងឈ្មោះរបស់ខ្លួន ព្រមទាំងដើម្បីផ្តល់ភាពងាយស្រួលដល់កីឡាករពិសេសគ្រូបង្វឹកក្នុងការគ្រប់គ្រង ឬតាមដានលើការហូបចុក ស្នាក់នៅ ហ្វឹកហាត់ និងសកម្មភាពប្រចាំថ្ងៃរបស់កីឡាករជាដើម ។

ជាងនេះទៅទៀត ក្លឹបសមាជិកលីគកំពូលកម្ពុជាមួួយនេះក៏បានចុះកិច្ចសន្យាជាមួយកីឡាករ ២រូបដែលមានប្រភពក្នុងខេត្តសៀមរាបគឺ ចិន ណារក្ស និងកីឡាករ សុវណ្ណ ដូណា ដែលមានវ័យ ១៤ឆ្នាំ និងលេងក្នុងតួនាទីខ្សែការពារដូចគ្នា ខណៈដែលកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ក្លឹបដឹកនាំដោយជនជាតិជប៉ុនមួយនេះ បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលម្ដងរួចមកហើយ បន្ទាប់ពីបានចុះកុងត្រារយៈពេល ១០ឆ្នាំជាមួយកីឡាករវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត ហើយថែមទាំងនាំយុវជនដែលមានកំណើតនៅខេត្តសៀមរាប និងពោរពេញដោយទេពកោសល្យរូបនេះទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសជប៉ុនទៀតផង ៕

អត្ថបទ៖ មករា

មតិយោបល់