NOCC គាំទ្រពេញទំហឹងក្នុងការដាក់បញ្ចាំងរឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ»

នូ មករា June 4, 2018


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការដាក់បញ្ចាំងនូវខ្សែភាពយន្តដែលជាប្រភេទកីឡាបោកចំបាប់របស់ខ្មែរដែលទើបតែថតចប់រួចរាល់ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា ការជ្រើសរើសយកកីឡាចំបាប់ ដើម្បីថតរឿងឯកសារនេះដោយសារមានរឿងពិតដែលគ្រួសារបស់កីឡាការិនី នី សំណាង មានបងប្អូនសុទ្ធតែស្រី ប៉ុន្តែត្រូវបានឪពុកជំរុញឲ្យលេងកីឡាហើយទីបំផុតកីឡាការិនីរូបនេះក៏បានដើរតាមកន្លងឪពុកខ្លួនជាមួយនឹងដំណើរជីវិតដ៏ជូរចត់ជាច្រើនរហូតទទួលបានជោគជ័យ ។
  
សាច់រឿងនេះជាការគាស់រំលើងពីប្រវត្តិតស៊ូខ្លះៗយកមកបង្ហាញឲ្យប្រជាពលរដ្ឋបានដឹង និងរួមចំណែកជួយដល់វិស័យកីឡាជាតិផងដែរ ។ អគ្គលេខាធិការ NOCC បានបន្តថា៖ «រឿងនេះក៏ជួយដល់វិស័យកីឡាជាតិផងដែរ ដោយបង្ហាញពីការតស៊ូខាងផ្នែកកីឡារបស់យើង។ រឿងនេះចេញទៅប្រហែលជាអាចទាក់ទាញការចាប់អារម្មណ៍ច្រើន ពិសេសឪពុក-ម្ដាយដែលមានផ្នត់គំនិតតាមទំនៀមទម្លាប់ខ្មែរតាំងពីដើមមិនឲ្យកូនស្រីលេងកីឡាហើយអាចបំបែកឯកត្តកម្មក្នុងសម័យទំនើបដោយបញ្ជាក់ថា កីឡាក្មេងស្រីក៏ដោយក៏អាចទទួលបានជោគជ័យក្នុងជីវិតដូចគ្នា និងទទួលបានការគាំទ្រពីសង្គមជាតិដូចគ្នា​ អុីចឹងភាពយន្ដនេះ គឺជាគំរូមួយ សម្រាប់វិស័យកីឡាតទៅមុខទៀត»។
 
លោកបានបន្ថែមថា រឿងបោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ គឺជាភាពយន្ដបែបឯកសារ ហើយគ្រោងនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗតាមរោងកុនទូទាំងប្រទេស មិនតែប៉ុណ្ណោះ តាមគម្រោងផលិតករជាជនជាតិឥណ្ឌាដែលដឹកនាំថតរឿងនេះក៏មានគម្រោងនាំយករឿងដ៏ទាក់ទាញមួយនេះទៅបញ្ចាំងនៅប្រទេសក្នុងតំបន់ចំនួន ៦ប្រទេស និងដាក់ក្នុងកម្មវិធីប្រកួតប្រជែងខ្សែភាពយន្ដអន្ដរជាតិ ប្រចាំឆ្នាំ២០១៨ នេះទៀតផង។
ជាមួយគ្នានេះដែរ កីឡាការិនី នី សំណាង បាននិយាយទាំងអារម្មណ៍ខ្សឹកខ្សួលថាឪពុកខ្លួនបានទទួលមរណភាពជិត១ខែមកហើយ ដោយខ្លួនមានការសោកស្ដាយខ្លាំងណាស់ ព្រោះលោកមិនអាចចាំមើលសមិទ្ធផលសម្រេចនៃខ្សែភាពយន្ដជីវិតតស៊ូពិតរបស់ខ្លួន ។ ប៉ុន្ដែដោយពុំទាន់ធ្វើអារម្មណ៍បាន ចំពោះការបាត់បង់អ្នកមានគុណមិនអាចកាត់ថ្លៃបាន ទើបតែកើតឡើងថ្មីៗ សំណាង មិនបាននិយាយអ្វីច្រើននោះទេ បានត្រឹមបង្ហូរទឹកភ្នែកជំនួស ដែលបង្កប់ដោយអត្ថន័យរយលានអត្ថន័យក្នុងនាមជាកូនស្រីម្នាក់ដែលស្នងតំណែងហាត់កីឡាចំបាប់ដើម្បីបញ្ជាក់ពីការសោកស្ដាយប៉ុណ្ណោះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់