ឈិន ឈឿន យកការចាញ់ធ្វើជាគ្រូក្នុងពាន KRE-League

នូ មករា May 21, 2018


ភ្នំពេញ៖ អ្នកចាត់ការទូទៅ និងជាកីឡាកររបស់ក្រុមទន្សោងអែហ្វស៊ី កីឡាករ ឈិន ឈឿន បានចាត់ទុកការចាញ់ក្នុងការបង្ហាញខ្លួនលើកដំបូង ជាមួយពានរង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League (KRE-League) រដូវកាលទី៧ គឺជាគ្រូរបស់ក្រុមទាំងមូល ដើម្បីទទួលបានបទពិសោធន៍មកពង្រឹងក្រុមក្មេងខ្ចីមួយនេះ ឲ្យកាន់តែរីកចម្រើននាពេលអនាគត ។

ការលើកឡើងរបស់សមាជិកក្រុមក្រសួងការពារជាតិរូបនេះ គឺក្រោយពេល ឈិន ឈឿន រកបាន ២គ្រាប់ជួយក្រុមទន្សោងអែហ្វស៊ី វាយបកតាមស្មើក្រុមជើងខ្លាំងយុវជនខេត្តកំពង់ចាម ២-២ ក្នុងជំនួបសប្ដាហ៍ទី៥ នៃពាន Khmer Real Estate League រដូវកាលទី៧ កាលពីម្សិលមិញ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលកីឡាករល្បឿនលឿនរូបនេះ បង្ខំចិត្តចូលជួយកូនក្រុម ព្រោះកីឡាករមួយចំនួនធំ រងរបួសក្នុងការប្រកួតកន្លងមក ។ ឈិន ឈឿន បានលើកឡើងថា ការចូលរួមពានពាក់កណ្ដាលអាជីពនេះ គឺមិនផ្ដោតលើលទ្ធផលឡើយ តែសំខាន់ការទទួលបានបទពិសោធន៍ថ្មីៗ យកមកអភិវឌ្ឍន៍ក្រុមបន្ថែម ។

រូបគេបាននិយាយថា៖ «គោលដៅដំបូង យើងអត់គិតលទ្ធផលទេ ដោយសារកូនក្រុមយើងថ្មីសុទ្ធ ចឹងយើងព្យាយាមស្វែងរកបទពិសោធន៍ឲ្យពួកគាត់ ។ ការបរាជ័យ ក៏ដូចជាការចាញ់ គឺខ្ញុំមិនទាន់គិត តែខ្ញុំនឹងព្យាយាមពីមួយប្រកួត ទៅមួយប្រកួត តើការចាញ់របស់យើង ចាញ់ដោយសារអ្វី? ខ្វះខាតអ្វី? ចឹងយើងយកការចាញ់ធ្វើជាគ្រូ សម្រាប់បង្រៀនបន្ថែមលើចំណុចខ្វះខាត ក៏ដូចជាដើម្បីបង្កើនភាពរីកចម្រើនដល់ក្រុមរបស់យើង» ។

ចំពោះលទ្ធផលក្នុងការប្រកួតបណ្ដោះអាស្នពេលនេះ ក្រុមទន្សោងអែហ្វស៊ី បានរំកិតទៅឈរលេខរៀងទី១៤ និងមាន ៤ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ៣ប្រកួត ។ ដោយឡែកក្រុម Bule Dragon និងក្រុម Khmer United នៅតែរក្សាកៅអីកំពូលតារាងដដែល ដោយមាន ១៥ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះទាំង ៥ ខណៈចុងក្រោយគឺក្រុម Blue Dragon បានយកឈ្នះក្រុមយុវជនតាំងគោក ៤-២ និងក្រុម Khmer United បានយកឈ្នះក្រុមការពារតំណែងជើងឯក Bayon Wanderers ៣-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់