យុវជនវ័យ ១៩ឆ្នាំ សុខ លឹមហេង ក្លាយជាស្តេចអុកឆ្នាំ២០១៨ ក្រោយផ្តួលស្តេចអុក ២ជំនាន់ដោយជោគជ័យ

នូ មករា April 17, 2018


ភ្នំពេញ៖ នៅទីបំផុតកម្ពុជាបានរកឃើញស្តេចអុកចត្រង្គហើយនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អង្ករសង្ក្រាន្តកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ។ ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើ លោក សុខ លឹមហេង អាយុ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ ខណៈលេខ២ បានទៅលើ លោក ឈាវ បូរ៉ា អាយុ២៨ឆ្នាំ មកពីកំពង់ចាមដែលជាអតីតជើងឯក ២ជំនាន់ ចំណែកលេខ៣ បានទៅលើលោក ធីម ឌីណា អាយុ៣២ឆ្នាំ មកពីកំពង់ចាម។
សម្រាប់ជ័យលាភីលេខ​ ០១​ ទទួលបានមេដាយមាសនិងពានរួមជាមួយរង្វាន់ជាប្រាក់ចំនួន១០លានរៀល និងការឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន២០លានរៀល និងពីអភិបាលនៃគណៈអភិបាលខេត្តសៀមរាប១០លានរៀលផងដែរ ។​

ចំពោះលេខ​ ០២​ ទទួលបានមេដាយប្រាក់ រួមនិងរង្វាន់ជាប្រាក់ចំនួន៦លានរៀល និងការឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន១២លានរៀល​ និងជ័យលាភីលេខ​ ០៣​ ទទួលបានមេដាយសំរឹទ្ធ រួមនិងរង្វាន់ជាប្រាក់ចំនួន៤លានរៀល និងការឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន៨លានរៀល។ ដោយឡែក​ ជ័យលាភីលេខ​ ០៤​ ទទួលរង្វាន់ជាប្រាក់ចំនួន ៨០ម៉ឺនរៀល និងការឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៤លានរៀល ។ សូមបញ្ជាក់ដែរថា នៅក្នុងការប្រកួតឆ្នាំនេះមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញដោយមានការចូលរួមពីសំណាក់បេក្ខជន បេក្ខនារីជាច្រើនរូបដោយបានឆ្លងកាត់ការប្រកួតវគ្គជម្រុះមកពីមណ្ឌលនានាទីទូទាំងប្រទេសមុននឹងជម្រុះជុំក្រោយនារាជធានីភ្នំពេញកាលពីដើមខែមេសានេះ​ រួចទើបចម្រាញ់រកបានជើងខ្លាំង ៨រូបមកប្រកួតវគ្គផ្តាច់ព្រ័ត្រនាទឹកដីអង្គរ ៕

អត្ថបទ៖ មករា

 

មតិយោបល់