ដំណើរជីវិតរបស់កីឡាការិនីចំបាប់ នី សំណាង នឹងត្រូវថតជាភាពយន្ដដោយផលិតកម្មមួយរបស់ឥណ្ឌា

នូ មករា April 11, 2018


ភ្នំពេញ៖ ប្រវត្តិ និងការខិតខំរបស់កីឡាចំបាប់កម្ពុជាត្រូវបានផលិតកម្មកុនមួយរបស់ឥណ្ឌាជួយថតជាខ្សែភាពយន្ដដោយសារតែមានចំណែកជាច្រើនស្រដៀងគ្នាជាមួយនឹងជីវិតរបស់កីឡាការិនីចំបាប់មួយរូបនៅឥណ្ឌា ។ បើតាមរឿងតំណាលមួយរបស់ឥណ្ឌាហើយដែលរឿងនោះត្រូវបានថតជាខ្សែភាពយន្ដបន្ទាប់មកក្លាយជារឿងដែលល្បីល្បាញ និងមានអ្នកទស្សនាច្រើននៅប្រទេសចិន ។ រឿងនោះតំណាលថាមានកីឡាករចំបាប់មួយរូបល្បីឈ្មោះគ្រាន់បើដែរតែជាអកុសលគាត់គ្មានកូនប្រុសដើម្បីបន្តវេនគាត់មានតែកូនស្រីម្នាក់ប៉ុណ្ណោះកូន ស្រីនោះក៏មានបំណងបន្តវេនឪពុកដែរតែឪពុកមិនព្រម ។ ដោយសារតែមិនមានការឯកភាពពីឪពុកនោះកូនស្រីរូបនោះបានលួចទៅហ្វឹកហាត់ដោយមិនឲ្យឪពុកដឹងឡើយ ។ ទីបំផុតនាងបានក្លាយជាម្ចាស់មេដាយមាសនៅក្នុងការប្រកួតកីឡាអូឡាំពិក ។
  
ដោយឡែកនៅកម្ពុជាវិញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជានោះបានឲ្យដឹងថា មានកីឡាការិនីកម្ពុជាមួយរូបមានប្រវត្តិប្រហាក់ប្រហែលនឹងរឿងរបស់ឥណ្ឌានេះដែរ នោះគឺកីឡាការិនី នី សំណាង ដែលមានឧឪពុកជាអ្នកចំបាប់ ប៉ុន្តែឪពុករបស់នាងមិនបានរារាំងមិនឲ្យនាងមកហាត់ចំបាប់នោះ ពោលគឺឪពុករបស់នាងបានយកកូនមកផ្ញើជាមួយនឹង លោក វ៉ាត់ ចំរើន ដែលកាលនោះលោកជាគ្រូបង្វឹកចំបាប់ ។ លោកបានកត់សម្គាល់ឃើញថាកីឡាការិនីរូបនេះនឹងក្លាយជាអ្នកចំបាប់ដ៏មានកេរ្តិ៍ឈ្មោះជាមិនខាន ។
ជាលទ្ធផលនាឆ្នាំ២០១៣ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៧ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា កីឡាការិនី នី សំណាង បានឈានជើងចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងមានជំនឿចិត្ត ។ លោក វ៉ាត់ ចំរើន កាលនោះក៏បានថ្លែងប្រាប់អ្នកកាសែតមុនពេលចេញទៅប្រកួតទាំងមានជំនឿចិត្តដែរមិនតែប៉ុណ្ណោះលោកថែមទាំងចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេមកាលនោះជាឱកាសមួយសម្រាប់អ្នកចំបាប់កម្ពុជាសាក និងវាស់ស្ទង់សមត្ថភាពដើម្បីឈានទៅប្រកួតកីឡាអាស៊ី (ASIAN Games) ដែលមានប្រទេសជាង៤០ចូលរួម ។ សូមបញ្ជាក់ថាក្នុងសាច់រឿងនេះតួអង្គសំខាន់គឺមាន លោក វ៉ាត់ ចំរើន ដែលនឹងរៀបរាប់ពីជីវិតរបស់លោកក្នុងអាជីពជាកីឡាករចំបាប់ និងការតស៊ូហ្វឹកហាត់ដើម្បីបានចេញទៅប្រកួតនៅក្រៅប្រទេស ក៏ដូចជាការតស៊ូបង្ហាត់សិស្សនៅពេលដែលខ្លួនក្លាយជាគ្រូបង្វឹកនោះ ។ សូមបញ្ជាក់ថា ក្នុងការចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី២៧ កីឡាចំបាប់របស់កម្ពុជាដណ្ដើមបានមេដាយមាស ៤គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿង ជាមួយគ្នានេះដែរ កីឡាការិនី នី សំណាង ក៏ដណ្ដើមបានមេដាយមាសមួយគ្រឿងក្នុងព្រឹត្តិការណ៍នេះដែរ។
លោក វ៉ាត់ ចំរើន បានបន្តថារឿងនេះមានភាពកម្សត់ដែលបង្ហាញពីការតស៊ូរបស់អ្នកចំបាប់នៅពេលហ្វឹកហាត់ ពេលប្រកួត បន្ទាប់ពីប្រកួតចប់ អារម្មណ៍ពេលចាញ់ និងពេលឈ្នះជាដើម ។ សូមបញ្ជាក់ថា កីឡាការិនី នី សំណាង សព្វថ្ងៃនេះបានលាលែងពីកីឡាចំបាប់ហើយព្រោះនាងត្រៀមខ្លួនចូលរោងការ ខណៈដែលរូបនាងក៏ជាមន្ត្រីនៃនាយកដ្ឋានកីឡាសិស្ស-និស្សិត ចំណែកឯគូដណ្ដឹងរបស់នាងគឺកីឡាករចំបាប់ ងួន មករា ដែលជាកីឡាករចំបាប់កម្ពុជាដ៏ល្បីល្បាញមួយរូបដែរ ។ សម្រាប់ខ្សែភាពយន្ដខ្នាតវែងនេះវិញនឹងបញ្ចាំងរយៈពេល២ម៉ោងកន្លះឯណោះ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់