លោក ថៃ អ៊ូ រៀបចំការប្រកួតប្រដាល់ ៤សង្វៀនក្នុងថ្ងៃចូលឆ្នាំថ្មីនៅខេត្តបន្ទាយមានជ័យ

នូ មករា April 10, 2018


ភ្នំពេញ៖ ប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យគឺ លោក ថៃ អ៊ូ បានប្រកាសពីការប្រកួតប្រដាល់វ័យក្មេងដណ្ដើមពានរង្វាន់ប៉ោយប៉ែតសង្ក្រានរយៈពេល៣ថ្ងៃនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។ លោក ថៃ អ៊ូ ឲ្យដឹងថាការប្រកួតនេះមានរយៈពេល៣ថ្ងៃនេះគឺថ្ងៃទី១៤-១៥ និងទី១៦ ខែមេសាដោយមួយថ្ងៃប្រកួត៤សង្វៀនផ្សេងគ្នាហើយក្នុងមួយសង្វៀនមាន១០គូ ។ ទន្ទមនឹងនេះលោកបានសហការជាមួយអាជ្ញាធរខេត្ត និងក្រុងប៉ោយប៉ែតដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះកើតមានឡើង ។ សង្វៀនទាំង៤នោះមាននៅទីក្រុងប៉ោយប៉ែត, ក្រុងសេរីសោភ័ណ្ឌ, វត្តបន្ទាយនាង និងវត្តភូមិអូរប្រាសាទ ។ ដោយសារសង្វៀននីមួយៗមានការប្រកួតចំនួន១០គូនោះ ដូច្នេះការប្រកួតទាំង៤សង្វៀនគឺមាន៤០គូឯណោះ ។ សូមបញ្ជាក់ដែថា ក្នុងព្រឹត្តិការណ៍នេះគឺ ៣សង្វៀនជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិសុទ្ធ ប៉ុន្តែសម្រាប់សង្វៀនក្រុងប៉ោយប៉ែតមួយប៉ុណ្ណោះដែលមានការប្រកួតមិត្តភាពជាមួយអ្នកប្រដាល់ថៃ ។
គួរបញ្ជាក់ថា បន្ទាយមានជ័យគឺជាខេត្តមួយដែលមានអ្នកប្រដាល់វ័យក្មេងៗច្រើនជាងគេ ខណៈ លោក ថៃ អ៊ូ បានឲ្យដឹងទៀតថា ធនធានប្រដាល់វ័យក្មេងៗនៅបន្ទាយមានជ័យច្រើនណាស់ហើយលោកបានលើកទឹកចិត្តឲ្យបណ្ដាក្លិបជាសមាជិកបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងៗដោយលោកធានារកទីផ្សារឲ្យប្រកួត និងរកការឧបត្ថម្ភបង្កើតឲ្យមានការប្រកួតព្រោះសម្រាប់អាជីពជាអ្នកប្រដាល់បើមិនមានការប្រកួតទេ នោះកីឡាករនឹងរត់ចោលក្លិបដោយសារតែគេយល់ថាជាការហ្វឹកហាត់អត់ប្រយោជន៍ ប៉ុន្តែក្នុងនាមលោកដែលជាប្រធានសមាគមលោកត្រូវតែបង្កើតឲ្យមានការប្រកួតដើម្បីលើកទឹកចិត្តដល់ពួកគេ ។ ប្រមុខប្រដាល់ជាយដែនរូបនេះបានបន្តថាទោះមាន ឬគ្មានការឧបត្ថម្ភក៏លោកត្រូវតែបង្កើតឲ្យមានការប្រកួតដែរពិសេសនៅពេលមានពិធីបុណ្យទាននានា ហើយនេះក៏ជាប្រពៃណីរបស់អ្នកខេត្តបន្ទាយមានជ័យផង ។ លោកបានអះអាងថា វត្តអារាមគឺជាកន្លែងរៀបចំការប្រកួតប្រដាល់គុនខ្មែរតាំងពីបរមបូរាណមកម្ល៉េះ ហេតុនេះយើងជាអ្នកជំនាន់ក្រោយត្រូវរក្សានូវប្រពៃណីនេះកុំឲ្យបាត់បង់!
អត្ថបទ៖ វ៉ាន្នី

មតិយោបល់