អង្គការ និងមន្ទីរពេទ្យកុមារចំនួន ១០ ទទួលបានថវិកាសប្បុរសធម៌ជាង ១១ម៉ឺនដុល្លារពី​ NOCC

នូ មករា April 3, 2018


ភ្នំពេញ៖ កាលពីព្រឹកមិញនេះអង្គការ និងមន្ទីពេទ្យកុមារចំនួន ១០ បានទទួលការឧបត្ថម្ភថវិកាសប្បុរសធម៌ចំនួន ១១៦,៤០០ ដុល្លារដែលរកបានពីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ។
អគ្គលេខាធិកា NOCC លោកវ៉ាត់ ចំរើន បានថ្លែងថា ថវិកាប្រគល់ជូនអង្គការមនុស្សធម៌ និងមន្ទីរពេទ្យសរុបទាំង ១០ ខាងលើគឺមានអង្គការ Cambodia Trust ចំនួន ៣.៦០០ដុល្លារ, អង្គការ Cambodia Disable Artilleties Federation(CDAF) ចំនួន ៣.៤០០ដុល្លារ, អង្គការ Handicap international Belgium ៣.០០០ដុល្លារ  រីឯអង្គការ Heart of Gold Project ដែលមានអង្គការចំណុះតូចៗចំនួន ៤ រួមមានអង្គការ Support Disable Athletics ចំនួន ២.៤០០ដុល្លារ, អង្គការ New Child Care Center ២.០០០ដុលា្លរ, អង្គការ Physical Education Project ២.០០០ដុល្លារ និងអង្គការ Youth Development Project ២.០០០ដុល្លារ ។
ចំណែកមន្ទីរពេទ្យកុមារអង្គរ ទទួលបានច្រើនជាងគេគឺចំនួន ៨២.០០០ដុល្លារ គ្រាដែលកាកបាទក្រហមកម្ពុជា ក៏ទទួលបាន ១០.០០០ដុល្លារផងដែរ ។ លោកបានបន្តថា ជាមួយនឹងការរៀបចំកម្មវិធីប្រគល់ថវិកាសប្បុរសធម៌ជារៀងរាល់ឆ្នាំនេះនឹងជំរុញដល់សាធារណជនឱ្យបន្ដចូលរួមគាំទ្រ និងលើកស្ទួយព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ និងសប្បុរសធម៌នេះឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់