សមាជិកគ្រួសារកីឡាកម្ពុជាជិត៤ពាន់នាក់នឹងចូលរួមអាហារសាមគ្គីជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ មេសានេះ

នូ មករា April 1, 2018


ភ្នំពេញ៖ នេះជាលើកទី៣ហើយដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យគ្រួសារកីឡាកម្ពុជា ចូលជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយសម្ដេចដែលបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេច និងផ្ដល់នូវភាពកក់ក្ដៅដើម្បីលើកទឹកចិត្ត ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងគោលដៅត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ។

បើតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា NOCC បានរៀបចំអត្តពលិកសម្រាប់ត្រៀមចូលរួមទទួលទានអាហារសាមគ្គីជាមួយសម្ដេចតេជោ ហ៊ុន សែន រួចរាល់ហើយក្នុងនោះគឺមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ២០៩៥នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ៥២ គ្រាដែលចំនួន ១,៨៩៥នាក់ទៀតគឺមន្ដ្រីរបស់ NOCC និងអង្គភាពពាក់ព័ន្ធចំនួន ១៧ស្ថាប័នផ្សេងទៀតដែលសរុបទាំងអស់គឺមានចំនួន ៣,៩៩០នាក់ ។ មិនត្រឹមតែប៉ុនណោះសម្ដេចក៏ផ្តល់ការឧបត្ថម្ភនូវទឹកប្រាក់ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលសម្រាប់ទុកជាកាដូរក្នុងឆ្នាំថ្មីឆ្នាំចនេះផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីដ៏ធំជាមួយមហាគ្រួសារកីឡាកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រដោយមានវត្តមានមន្ដ្រីថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ- កីឡាការិនីសរុបជិត ៤,០០០នាក់នេះ គឺជាកម្មវិធីប្រចាំឆ្នាំមួយរបស់សម្តេចប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះដោយនឹងធ្វើឡើងនាថ្ងៃទី៣ ខែមេសា វេលាម៉ោង ៦ល្ងាចតទៅ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់