កម្ពុជានឹងបញ្ជូនគ្រូគុនល្បុក្កតោទៅបង្ហាត់តាមបណ្ដាប្រទេសអាស៊ាននាឆ្នាំ២០១៩

នូ មករា March 31, 2018


ភ្នំពេញ៖ គណៈកម្មការស៊ីហ្គេមឆ្នាំ២០២៣របស់កម្ពុជាបានសម្រេចជាឯកច្ឆន្ទហើយក្នុងការដាក់ក្បាច់គុនល្បុក្កតោទៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ឈ្មោះនៅក្នុងស៊ីហ្គេមត្រូវបានកំណត់ហើយគឺកីឡាគុន (Sport KUN) ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា កីឡាគុននេះគឺមានប្រភេទសម្តែង និងប្រយុទ្ធ ដោយសម្រាប់ប្រភេទប្រយុទ្ធគឺ កំណត់យកប្រដាល់គុនខ្មែរដែលគេនិយមហៅថាប្រដាល់សេរី ចំណែកឯប្រភេទសម្តែងគឺគុនល្បុក្កតោនេះតែម្ដង ។
សូមបញ្ជាក់ថា ក្បាច់គុនរបស់ខ្មែរបង្កើតឡើងដោយយកត្រាប់តាមធម្មជាតិ និងសត្វ ហើយតាមពិតគ្រប់ក្បាច់គុនទាំងអស់មានប្រភពមកពីប្រទេសឥណ្ឌាប៉ុន្តែបុព្វបុរសខ្មែរបានយកវាមកច្នៃឲ្យទៅជាក្បាច់គុន និងស្របតាមវប្បធម៌ប្រទេសរបស់យើងហើយកម្លាយឲ្យវាមានចរិតស្របតាមជនជាតិខ្មែរផងដែរ ។ គួរបញ្ជាក់ដែរថា ដើម្បីបញ្ចូលប្រភេទកីឡាមួយទៅក្នុងការប្រកួតកីឡាស៊ីហ្គេមបានយ៉ាងហោចណាស់ក៏ត្រូវមានការគាំទ្រពីប្រទេសចំនួន ៤ ដែរ ។ជាមួយនឹងមានការគាំទ្របែបនេះហើយប្រទេសដែលជាម្ចាស់ប្រភេទកីឡានោះត្រូវតែរៀបចំជាបទបញ្ជាប្រកួតឲ្យបានត្រឹមត្រូវ និងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសដែលគាំទ្រនោះហើយការបង្ហាត់នោះគឺបង្ហាត់ទាំងក្បាច់គុន បទបញ្ជាប្រកួត ចៅក្រម អាជ្ញាកណ្ដាល របៀបផ្ដល់ពិន្ទុ លក្ខខណ្ឌនៃការតវ៉ា ក៏ដូចជានីតិវិធីនៃការតវ៉ាជាដើម ។ ចំពោះបទបញ្ជាត្រូវសរសេរជាភាសាអង់គ្លេស ។
សម្រាប់គុនល្បុក្កតោមានការគាំទ្រពីប្រទេសឡាវ វៀតណាម មីយ៉ាន់ម៉ា ហើយរាប់ទាំងកម្ពុជាខ្លួនឯងទៀត នោះគឺមាន៤ប្រទេសដែលគណៈកម្មកាស៊ីហ្គេមនឹងទទួលយកបានហើយ ។ លោក វ៉ាត់ ចំរើន បានអះអាងថានៅឆ្នាំ២០១៩សហព័ន្ធកីឡាគុនល្បុក្កតោនឹងបញ្ជូនគ្រូទៅបណ្ដាប្រទេសដែលគាំទ្រល្បុក្កតោកម្ពុជាដើម្បីបង្ហាត់បង្រៀនពួកគេ ។ ជាមួយគ្នានេះចាប់ពីឆ្នាំ២០២០ទៅសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានឹងរៀបចំឲ្យមានការប្រកួតកីឡាគុនល្បុក្កតោកម្រិតអាស៊ានរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣តែម្ដង ។
ចំណែកការបោះពុម្ពសៀវភៅគុនល្បុក្កតោជាភាសាអង់គ្លេសគឺជាការត្រៀមខ្លួនមួយក្នុងការធ្វើសមាហរណកម្មសិល្បៈក្បាច់គុនដែលមានវ័យចំណាស់នេះទៅក្នុងតំបន់បន្ទាប់មកពង្រីកទៅកម្រិតទ្វីប និងពិភពលោកបន្ថែមទៀត។ បើតាមការឲ្យដឹងបន្ថែមនោះថាឆ្នាំ២០១៩នេះកម្ពុជាមិនត្រឹមតែបញ្ចូនគ្រូគុនល្បុក្កតោទៅបង្ហាត់បង្រៀននៅតាមបណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេតែក៏នឹងបញ្ជូនគ្រូអុកចត្រង្គទៅបង្ហាត់បណ្ដាប្រទេសអាស៊ានដែរព្រោះអុកចត្រង្គកម្ពុជាក៏នឹងដាក់ទៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែរ ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ល្បុក្កតោត្រូវបានបញ្ចូលទៅក្នុងកម្មវិធីហ្វឹកហាត់របស់កងយោធពលខេមរភូមិន្ទហើយ ខណៈដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីអង្គរសង្ក្រានឆ្នាំទៅក៏បានឲ្យគិតគូរបញ្ចូលកីឡាប្រយុទ្ធមួយនេះទៅក្នុងកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថជាតិទៀតផង ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់